(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានដឹកនាំការធ្វើសមយុទ្ធបាញ់កាំភ្លើងធំទ្រង់ទ្រាយធំ នៅក្នុងតំបន់មួយនៃទីក្រុង Wosan បន្ទាប់ពីបានព្រមានថា សមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនអាចបោសសំអាត មូលដ្ឋានទ័ពអាមេរិកក្នុងតំបន់អាស៊ីប៉ាស៊ីហិ្វក ព្រមទំាងសហរដ្ឋអាមេរិកទំាងមូលតែម្ដង។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។
យោងតាមយ៉ុនហាប់ កូរ៉េខាងជើងបានធ្វើសមយុទ្ធបាញ់កាំភ្លើងធំ នៅតំបន់ឆ្នេរនៃទីក្រុង Wonsan ស្ថិតនៅភាគខាងកើតនៃប្រទេស ក្នុងឱកាសនៃការប្រារព្ធខួបទី៨៥ ថ្ងៃបង្កើតកងទ័ពកូរ៉េខាងជើង រីឯលោកគីម ជុងអ៊ុន ក៏ទំនងជាមានវត្តមាននៅក្នុងសមយុទ្ធនេះដែរ។ ដោយឡែកទាក់ទិននឹងភាព តានតឹងនៅឧបទ្វីបកូរ៉េនេះដែរ នាវាចម្បាំងអាមេរិក USS Carl Vinson ត្រូវបានគេរាយការណ៍ថា កំពុងធ្វើដំណើរតម្រង់ទៅកាន់តំបន់ដែនទឹកឧបទ្វីបកូរ៉េ។ បន្ថែមពីនេះទៀត កូរ៉េខាងជើងព្រមានថា នឹងបាញ់ពន្លិចនាវាដឹកនាំយន្តហោះចម្បាំងអាមេរិក បើសិនជាហ៊ានចូលក្នុងតំបន់ដែនទឹកឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា កូរ៉េខាងជើងកំពុងប្រារព្ធខួបទី៨៥នៃថ្ងៃបង្កើតកងទ័ពរបស់ខ្លួន នៅក្នុងបរិបទដែលការព្រួយបារម្ភនៃសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ICBM ចេះតែកើនឡើងជាលំដាប់ ខណៈទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន កំពុងស្ថិតនៅក្នុងស្ថានភាពប្រុងជើងការ និងគំរាមកំហែងដាក់គ្នាទៅវិញមកពីលទ្ធភាពបំផ្ទុះសង្រ្គាម។ សម្រាប់ការព្រមាននៅថ្ងៃអង្គារនេះតែម្តង គឺទីក្រុងព្យុងយ៉ាង បានផ្តល់ជំរើសឲ្យទីក្រុងវ៉ាស៊ីនតោនចំនួន២ នោះគឺចុះចាញ់តាមផ្លូវនយោបាយ ឬក៏កម្លាំងយោធា៕