(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុននៅថ្ងៃអង្គារនេះ បានចាប់ផ្តើមការសាងសង់ជញ្ជាំងខ័ណ្ឌទឹកសមុទ្រ ដើម្បីហ៊ុមព័ទ្ធទីតាំងមួយកន្លែង នៅក្នុងតំបន់ឆ្នេរនៃកោះអូគីណាវ៉ា សម្រាប់ការផ្លាស់ប្តូរដ៏ចម្រូងចម្រាសនៃមូលដ្ឋានយោធា ចំពោះមុខការខឹងសម្បាររបស់ប្រជាពលរដ្ឋដែលរស់នៅទីនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។
ការិយាល័យការពារជាតិប្រចាំកោះអូគីណាវ៉ា បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីកសាងជញ្ជាំងក្នុងផ្ទៃសមុទ្រ នៅជុំវិញទីតាំងមួយកន្លែង ដែលនឹងត្រូវចាក់ដីក៏ដូចជាខ្សាច់លប់បំពេញដើម្បីទប់ស្កាត់ការទឹកសមុទ្រហូរចេញ។ ការងារស្តារយកដី និងការសាងសង់នាពេលអនាគតផ្សេងៗទៀត គឺធ្វើឡើងដើម្បីជួយសម្រួលដល់គំរោងការផ្លាស់ប្តូរមូលដ្ឋានទ័ពអាកាស Futenma របស់កងម៉ារីនសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បន្ទាយ Futenma បច្ចុប្បន្ននេះស្ថិតក្នុងទីក្រុង Ginowan ដែលសម្បូរទៅដោយមនុស្សរស់នៅ នៅលើកោះអូគីណាវ៉ា ហើយវានឹងត្រូវប្តូរទីតាំងទៅកាន់តំបន់ឆ្នេរ Henoko នៃទីក្រុង Nago City ខណៈប្រជាជនទៅទីនោះផ្ទុះការខឹងសម្បារ និងប្រឆាំងជំទាស់ជាដាច់ខាត៕