(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានប្រារព្ធទិវារំលឹកខួបលើកទី៨៥ នៃថ្ងៃបង្កើតកងទ័ពរបស់ខ្លួន នៅក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត ពីសំណាក់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ប៉ុន្តែជាមួយគ្នានោះដែរទីក្រុងព្យុងយ៉ាង នៅតែព្រមានធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិក ហើយថា ទីក្រុងវ៉ាស៊ីនតោនមានជំរើស២ នោះគឺចុះចាញ់តាមផ្លូវនយោបាយ ឬចុះចាញ់ដោយកម្លាំងយោធា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។
ការព្រមានជាថ្មីរបស់កូរ៉េខាងជើង ធ្វើឡើងនៅចំពេលដែលនាវាចម្បាំងអាមេរិក USS Carl Vinson កំពុងធ្វើដំណើរមកកាន់តំបន់ដែនទឹកឧបទ្វីបកូរ៉េ ដើម្បីតាមឃ្លាំមើលសកម្មភាព ក៏ដូចជាចាត់វិធានការទប់ស្កាត់ ការគំរាមកំហែងណាមួយពីទីក្រុងព្យុងយ៉ាង ដែលទើបតែព្រមានបាញ់ពន្លិច Carl Vinson បើសិនជាហ៊ានចូលមកក្នុងដែនទឹកតំបន់ឧបទ្វីបកូរ៉េ។
ជុំវិញភាពតានតឹងនេះដែរសារព័ត៌មានកូរ៉េខាងជើង Rodong Sinmun បានព្រមាននៅថ្ងៃនេះថា «បើសិនជាសហរដ្ឋអាមេរិក និងអ្នកហែរហម ចង់ធ្វើការផ្សងព្រេងវាយប្រហារលើកូរ៉េខាងជើង នោះយើងនឹងធ្វើការឆ្លើយតបវិញដោយ ការវាយប្រហារគ្មានត្រាប្រណី និងមិនប្រាប់ដំណឹងជាមុនទាំងតាមផ្លូវអាកាស ផ្លូវទឹកនឹងផ្លូវគោក តាមដែលទីក្រុងវ៉ាស៊ីនតោនចង់បាន»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូអាបេ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងគោលបំណងស្វែងរកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលត្រូវគេរំពឹងថា អាចនឹងសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី០៦ ឬក៏មីស៊ីលផោ្លងឆ្លងទ្វីប ICBM នៅថ្ងៃប្រារព្ធខួបនេះ៕