(សេអ៊ូល)៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានចូលចតនៅកូរ៉េខាងត្បូងនាថ្ងៃអង្គារនេះ ក្នុងទម្រង់ជាការបង្ហាញសាច់ដុំមួយផ្សេងទៀត នៅចំពោះមុខក្តីព្រួយបារម្ភកាន់តែខ្លាំងទៅៗដែលថា កូរ៉េខាងជើងប្រហែលជានឹងអបអរគំរប់ខួប នៃថ្ងៃបង្កើតកម្លាំងយោធារបស់ខ្លួន នៅថ្ងៃអង្គារ ទី២៥ ខែមេសា នេះតែម្តងជាមួយការបាញ់មីស៊ីលសាកល្បង ឬមួយក៏ការធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរ ដោយមិនខ្វល់ពីការដាក់សម្ពាធរបស់អន្តរជាតិនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។
ការចូលចតនៃនាវាមុជទឹកអាមេរិកមានឈ្មោះថា Michigan ដែលត្រូវបានប្រកាសឲ្យដឹងដោយយោធាសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ធ្វើឡើងស្របពេលដែលមន្រ្តីបេសកជននុយក្លេអ៊ែរមកពីកូរ៉េខាងត្បូង អាមេរិក និងជប៉ុន គ្រោងនឹងចូលរួមកិច្ចប្រជុំជាមួយគ្នានៅឯទីក្រុងតូក្យូ ដើម្បីពិគ្រោះពិភាក្សាអំពីវិធានការឆ្លើយតប ចំពោះការបដិសេធយ៉ាងរឹងទទឹងរបស់កូរ៉េខាងជើង ក្នុងការមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
គួរបញ្ជាក់ថា USS Michigan គឺជានាវាមុជទឹកដែលដំណើរការដោយថាមពលនុយក្លេអ៊ែរ ត្រូវបានសាងសង់ក៏ដូចជារចនាឡើង ដើម្បីផ្ទុកគ្រាប់មីស៊ីលផ្លោងប្រភេទ SLBM (បាញ់ចេញពីនាវាមុជទឹក) និងគ្រាប់មីស៊ីល Tomahawk ជាប្រភេទ Cruise មីស៊ីល ដែលអាមេរិកបានប្រើប្រាស់ក្នុងការវាយប្រហារទៅលើមូលដ្ឋានទ័ពជើងអាកាសរបស់រដ្ឋាភិបាលស៊ីរី កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ៕