(បាងកក)៖ ជុំវិញការបញ្ជាទិញនាវាមុជទឹកពីប្រទេសចិនក្នុងតំណាក់កាលទី១ ប្រភេទ Yuan Class S26T ដែលមានតម្លៃ ១៣.៥ពាន់លានបាត (ជាង ៣៩២លានដុល្លារ) នោះ គណរដ្ឋមន្ត្រីថៃគ្រប់គ្រងដោយយោធា ត្រូវបានគេបង្ហើបព័ត៌មានមកថា បានធ្វើការអនុម័តដោយសម្ងាត់រួចរាល់ហើយ។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍ ដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការពារជាតិ លោក Kongcheep Tantravanich នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។
ដោយសារតែមានការជីជីកសួរពីសមាជិកសភា និងពីសំណាក់សាធារណៈមតិជាច្រើនជុំវិញរឿងទិញនាវាមុជទឹកដែលត្រូវចំណាយលុយជាតិច្រើន និងត្រូវបានគេអះអាងទៀតថា គ្មានភាពចាំបាច់អ្វីដែលត្រូវទិញនោះ ទើបយោធាថៃបានធ្វើការបកស្រាយជាច្រើនដង អមដោយហេតុផលគ្រប់ជំពូកថា ប្រទេសថៃបាន និងកំពុងរងការគំរាមកំហែងទឹកដី ជាពិសេសដែនសមុទ្ររបស់ខ្លួន ដែលត្រូវឲ្យមានការបង្កើនលទ្ធភាព ក្នុងការការពារដែនអធិបតេយ្យភាពរបស់ខ្លួនគ្រប់ទិសទី។
អ្នកនាំពាក្យក្រសួងខាងលើនេះបានបញ្ជាក់ថា សេចក្តីសម្រេចស្ងាត់ៗនោះបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមេសា បន្ទាប់ពីថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីមកម្ល៉េះ ដោយតបទៅតាមសំណើរបស់កងទ័ពជើងទឹកថៃ ប៉ុន្តែក្រោយពីកិច្ចប្រជុំអនុម័តនោះ គណរដ្ឋមន្ត្រីដឹកនាំដោយយោធា មិនបានបើកសន្និសីទសារព័ត៌មាននោះឡើយ។ ទោះបីជាបែបនេះក្តី ក្រសួងការពារជាតិបានបញ្ជាក់ថា «ក្រសួងមិនមានចេតនាចង់លាក់បាំងព័ត៌មានអ្វីនោះទេ ប៉ុន្តែរឿងរ៉ាវដែលគណរដ្ឋមន្ត្រីបានអនុម័តរួច ក៏មិនមែនប្រាកដថា ត្រូវជំរាបដល់សារព័ត៌មានគ្រប់ៗរឿងនោះដែរ»។
គួរបញ្ជាក់តាមសម្តីមន្ត្រីយោធាជាន់ខ្ពស់ថៃមួយរូបឲ្យដឹងថា ប្រទេសថៃធ្លាប់មាននាវាមុជទឹកម្តងហើយកាលពី ៦០ឆ្នាំមុន ហើយវាគ្មានអ្វីដែលចម្លែក ឬក៏គួរឲ្យព្រួយបារម្ភនោះទេនៅក្នុងការទិញនាវាមុជទឹកម្តងទៀតពេលនេះ។ អគ្គមេបញ្ជាការកងទ័ពជើងទឹកថៃលោក Na Areenich នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅខែឧសភាខាងមុខនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជាទិញនាវាមុជទឹកពីចិន ដែលមានរយៈពេលកំណត់ ១១ឆ្នាំ៕