(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់សម្ពាធលើក្រុមសមាជិកសភាគណបក្សប្រជាធិបតេយ្យឱ្យអនុម័តលើ កញ្ចប់ថវិកាសម្រាប់គំរោងសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិចស៊ីកូ ដែលលោកបានសន្យា ខណៈបញ្ហានេះកំពុងបង្កការខ្វែងគំនិតគ្នាយ៉ាងខ្លំាងនៅក្នុងចំណោមអ្នកនយោបាយអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។
ចាប់តាំងពីបានឡើងកាន់អំណាចជាប្រធានាធិបតី លោក ដូណាល់ ត្រាំ បាន និងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងស្រុកជាពិសេស នោះគឺបន្ទាប់ពីបទបញ្ជាលុបចោលច្បាប់ Obamacare ត្រូវបានរាំងខ្ទប់។ ជាងនេះទៅទៀត បើទោះជាគណបក្សសាធារណរដ្ឋគ្រប់គ្រងសភាទំាងពីរ របស់សហរដ្ឋអាមេរិកក៏ដោយ ក៏លោកនៅតែជួបការលំបាកក្នុងការអនុម័តលើច្បាប់មួយចំនួនដដែល រួមទំាងកញ្ចប់ថវិកាសាងសង់ជញ្ជាំងព្រំដែន ដែលលោកផ្ទាល់ធ្លាប់បានដាក់សម្ពាធលើម៉ិចស៊ីកូ ចេញលុយសាងសង់ជញ្ជាំងព្រំដែនេះ ក៏ប៉ុន្តែខាងម៉ិចស៊ីកូបានបដិសេធជាដាច់ខាត។
គួរបញ្ជាក់ថា បើតាមការវាយតម្លៃរបស់ក្រសួងសន្តិសុខមាតុភូមិ គំរោងសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិចស៊ីកូ ត្រូវចំណាយប្រាក់ប្រមាណ ២១.៦ពាន់លានដុល្លារ៕