(វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែរៀបចំដើម្បីដាក់ទណ្ឌកម្មធ្ងន់ធ្ងរថ្មីបន្ថែមទៀត ប្រឆាំងនឹងកូរ៉េខាងជើង ខណៈភាពតានតឹងកំពុងកើនឡើង ស្តីពីកម្មវិធីនុយក្លេអ៊ែ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។ នេះបើតាមសម្តីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានលើកឡើងនៅថ្ងៃចន្ទនេះ មុនពេលពិធីទទួលទានអាហារមួយជាមួយក្រុមឯកអគ្គរដ្ឋទូត ដែលមកពីបណ្តាប្រទេសដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។
លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានទទួលបរាជ័យផងដែរ ក្នុងការចាត់វិធានការ ឆ្លើយតបទៅនឹង ការវាយប្រហារដោយអាវុធគីមី នៅក្នុងប្រទេសស៊ីរី នាពេលថ្មីៗកន្លងទៅនេះ ដោយលោកប្រធានាធិបតី បានបញ្ជាក់ថា «លោកពិតជាមានការ ខកចិត្តជាខ្លាំង»។
«ស្ថានភាពនៅកូរ៉េខាងជើង ក៏មិនអាចទទួលយកបាន ហើយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ត្រូវតែរៀបចំ ដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀត ហើយដាក់ទណ្ឌកម្ម ឲ្យកាន់តែធ្ងន់ធ្ងរ ទៅលើកម្មវិធីគ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង»។ នេះបើតាមការស្រង់សម្តីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
លោកបន្ថែមថា «នេះគឺជាការគម្រាមកំហែងចំពោះពិភពលោក, តើទង្វើបែបនេះយើងគួរតែជជែកពីវាគឺក៏អត់?, កូរ៉េខាងជើង គឺជាបញ្ហាដ៏ធំមួយរបស់ពិភពលោក ហើយវាគឺជាបញ្ហា ដែលយើងត្រូវតែដោះស្រាយដើម្បីបញ្ចប់វា»។
សូមជំរាបថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានបញ្ជាក់អះអាងថា ខ្លួននឹងនៅតែបន្តអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរទៅមុខទៀត សម្រាប់ការពារខ្លួនប្រឆាំងនឹងការគំរាមកំហែង ផ្នែកយោធា ពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។
សារព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងឈ្មោះថា Rodong Sinmum បានលើកឡើងនៅក្នុងសេចក្តីអត្ថាធិប្បាយរបស់ខ្លួនថា ការបោះជំហានរបស់អាមេរិក ក្នុងការបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង និងនាវាចម្បាំងប៉ុន្មានគ្រឿងមកកាន់ឧបទ្វីបកូរ៉េ ជាទង្វើគ្រោះថ្នាក់ជាទីបំផុត។ Rodong Sinmunm បានបញ្ជាក់យ៉ាងដូច្នេះថា «ការគំរាមកំហែងដោយបើកចំហប្រឆាំងនឹងកូរ៉េខាងជើង គឺជាសកម្មភាពដ៏គ្រោះថ្នាក់មួយ ដែលកំពុងរុញច្រានឧបទ្វីបកូរ៉េឲ្យធ្លាក់ទៅក្នុងភាពមិនច្បាស់លាស់។ ប៉ុន្តែជំហរយ៉ាងរឹងមាំឥតងារេនោះគឺឆន្ទៈដ៏មុះមុត របស់កងទ័ពព្រមទាំងប្រជាពលរដ្ឋកូរ៉េខាងជើង រួមជាមួយការតាំងចិត្ត ដើម្បីកម្ចាត់ពួកឈ្លានពានឲ្យអស់មិនឲ្យមានសល់សូម្បីតែម្នាក់ ក៏ដូចជាតទល់ជាមួយសហរដ្ឋអាមេរិក តាមរយៈពេលបង្កើនសមត្ថភាពនុយក្លេអ៊ែរសម្រាប់ការពារខ្លួន»៕