ពួកសកម្មប្រយុទ្ធ វាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅអាហ្វហ្គានីស្ថាន ស្វាគមន៍រដ្ឋមន្ត្រីការពារជាតិអាមេរិក
24-04-2017 20:51
(កាប៊ុល)៖ ជនសកម្មប្រយុទ្ធមួយក្រុម ដែលគេជឿជាក់ថាជាសមាជិកក្រុមឧទ្ទាមតាលីបង់ នៅថ្ងៃចន្ទនេះ បានបើកការវាយប្រហារលើមូលដ្ឋានទ័ព អាមេរិកមួយកន្លែង ស្ថិតនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ក្នុងថ្ងៃតែមួយដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis កំពុងបំពេញ ទស្សនកិច្ចក្នុងទីក្រុងប៊ុល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។
យោងតាមក្រុមអាជ្ញាធរនៅក្នុងតំបន់ ជនសកម្មប្រយុទ្ធទាំងនេះ បានវាយប្រហារដោយការបំផ្ទុះ រថយន្ដមួយគ្រឿង នៅឯច្រកចូលនៃមូលដ្ឋានទ័ព អាមេរិក Camp Chapman ស្ថិតក្នុងខេត្ត Khost។ ចំណែកឯ អ្នកនាំពាក្យកងទ័ពអាមេរិក ប្រចំាអាហ្វហ្គានីស្ថាន លោក William Salvin ក៏បានទទួល ស្គាល់ផងដែរថាពិតជាមានការវាយប្រហារបំផ្ទុះរថយន្ដ និងបណ្ដាលឱ្យមានជនរងគ្រោះស៊ីវិលជាច្រើននាក់ ក៏ប៉ុន្ដែមិនមានកងទ័ពអាមេរិក ឬក៏ក្រុមចំរុះ អន្តរជាតិនោះទេ ហើយភ្លាមក៏ពុំទាន់មានព័ត៌មានលម្អិតបន្ថែមអ្វីដែរ។
គួរបញ្ជាក់ថា ការវាយប្រហារនេះ បានកើតឡើងតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងទ័ពអាហ្វហ្គានីស្ថានជាង១៤០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ របស់ក្រុមឧទ្ទាមតាលីបង់ នៅឯមូលដ្ឋានយោធាក្នុងទីក្រុង Mazar-i-Sharif ភាគខាងជើងនៃប្រទេស។ ម្យ៉ាងវិញទៀត ដោយសារតែ សោកនាដកម្មនេះ ដែរ រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន លោក Abdullah Habibi និងប្រធានសេនាធិការយោធាកងទ័ព លោក Qadam Shah Shahim បានសម្រេច ចិត្តសុំលាលែងចេញពីមុខតំណែង៕