(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានបញ្ជាក់អះអាងថា ខ្លួននឹងនៅតែបន្តអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរទៅមុខទៀត សម្រាប់ការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធា ពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។
សារព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងឈ្មោះថា Rodong Sinmum បានលើកឡើងនៅក្នុងសេចក្តីអត្ថាធិប្បាយរបស់ខ្លួនថា ការបោះជំហានរបស់អាមេរិក ក្នុងការបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង និងនាវាចម្បាំងប៉ុន្មានគ្រឿងមកកាន់ឧបទ្វីបកូរ៉េ ជាទង្វើគ្រោះថ្នាក់ជាទីបំផុត។ Rodong Sinmunm បានបញ្ជាក់យ៉ាងដូច្នេះថា «ការគំរាមកំហែងដោយបើកចំហប្រឆាំងនឹងកូរ៉េខាងជើង គឺជាសកម្មភាពដ៏គ្រោះថ្នាក់មួយ ដែលកំពុងរុញច្រានឧបទ្វីបកូរ៉េឲ្យធ្លាក់ទៅក្នុងភាពមិនច្បាស់លាស់។ ប៉ុន្តែជំហរយ៉ាងរឹងមាំឥតងារេនោះគឺឆន្ទៈដ៏មុះមុត របស់កងទ័ពព្រមទាំងប្រជាពលរដ្ឋកូរ៉េខាងជើង រួមជាមួយការតាំងចិត្ត ដើម្បីកម្ចាត់ពួកឈ្លានពានឲ្យអស់មិនឲ្យមានសល់សូម្បីតែម្នាក់ ក៏ដូចជាតទល់ជាមួយសហរដ្ឋអាមេរិក តាមរយៈពេលបង្កើនសមត្ថភាពនុយក្លេអ៊ែរសម្រាប់ការពារខ្លួន»។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះរបបដឹកនាំទីក្រុងព្យុងយ៉ាង បានបង្កើនសង្រ្គាមវោហាសាស្រ្តរបស់ខ្លួនជាខ្លាំងទៅលើសហរដ្ឋអាមេរិក ដោយបានប្តេជ្ញាថា នឹងវាយប្រហារតបតដោយអាវុធនុយក្លេអ៊ែរ នៅចំពេលដែលភាពតានតឹងកើនឡើងយ៉ាងក្តៅគគុកនៅឧបទ្វីបកូរ៉េ ខណៈក្រុមនាវាយោធាដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក កំពុងធ្វើដំណើរឆ្ពោះមកកាន់ឧបទ្វីបកូរ៉េ ដើម្បីចាំឃ្លាំមើលការប៉ុនប៉ងធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងបន្ថែមទៀតរបស់កូរ៉េខាងជើង៕