(កាប៊ូល)៖ រដ្ឋមន្ត្រីការពារជាតិសហអាមេរិក លោក Jim Mattis បានធ្វើដំណើរទៅដល់ប្រទេសអាហ្វហ្គានីស្ថាន ជាបន្ទាន់នៅថ្ងៃចន្ទនេះដោយគ្មានការប្រកាសឲ្យ ដឹងនោះឡើយ ហើយការទៅកាន់ទីក្រុងកាប៊ូលនេះ ដើម្បីសម្លឹងមើលយុទ្ធសាស្ត្រថ្មី ដើម្បីជួយដល់កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ក្នុងការប្រយទ្ធប្រឆាំងនឹងក្រុមឧទ្ទាម តាលីបង់ ខណៈលោករដ្ឋមន្ត្រីការពារជាតិអាហ្គានីស្ថាន បានសុំលាលែងពីមុខតំណែង ដោយសារតែការធ្វេសប្រហែសនឹងការងារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។
បើតាមគំរោង លោក Mattis នឹងត្រូវជួបពិភាក្សាការងារជាមួយក្រុមមន្ត្រីអាហ្វហ្គានីស្ថាន និងកងទ័ពអាមេរិក នៅក្នុងទីក្រុងកាប៊ូល។ ក៏ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោកនៅពេលនេះ ធ្វើឡើងនៅចំពេលរដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន បានសុំលាលែងចេញពីមុខតំណែង បន្ទាប់ពីកងទ័ពអាហ្វហ្គានីស្ថានច្រើនជាង ១៤០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដ៏អាក្រក់មួយពីសំណាក់ក្រុមតាលីបង់ កាលពីសប្ដាហ៍មុន។ ជុំវិញបញ្ហានេះដែរអ្នកនាំពាក្យប្រធានាធិបតីលោក Ashraf Ghani បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋមន្ត្រីការពារជាតិ លោក Abdullah Habibi និងប្រធានសេនាធិការយោធាកងទ័ព Qadam Shah Shahim បានសុំលាលែងពីតំណែង រីឯលោកប្រធានាធិបតី ក៏បានទទួលយកលិខិតលាលែងនេះហើយដែរ»។
គួរបញ្ជាក់ឡើងវិញថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រុមឧទ្ទាមតាលីបង់ បានធ្វើការបន្លំខ្លួនជាកងកម្លាំងទ័ពអាហ្វហ្គានីស្ថាន ចូលទៅវាយលុកក្នុងមូលដ្ឋានយោធា Mazar-i-Sharif នៃខេត្ត Balkh ស្ថិតនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថានតែម្តង ដោយសម្លាប់យោធាច្រើនជាង ១៤០នាក់ ហើយដែលនេះបានបង្ហាញពីភាពទន់ខ្សោយ នៃសមត្ថភាពរបស់កងទ័ពអាហ្វហា្គនីស្ថាន ប្រឈមមុខនឹងក្រុមតាលីបង់ដែលមានយុទ្ធសាស្ត្រខ្ពស់៕