(កាប៊ុល)៖ ជនសកម្មប្រយុទ្ធ ISIS ចំនួន ៣៧នាក់ ទើបតែបានបាត់បង់អាយុជីវិត នៅអំឡុងប្រតិបត្តិការយោធាឥតឈប់ឈរមួយ ក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍របស់ កងទ័ពជើងគោកអាហ្វហ្គានីស្ថាននាថ្ងៃចន្ទនេះ ជនសកម្មប្រយុទ្ធ ISIS សរុបទាំងអស់ ៣៧នាក់ ត្រូវបានកម្ចាត់ចោល ក្រោយការវាយប្រហារតាមផ្លូវអាកាស និងការប៉ះទង្គិចគ្នាតាមផ្លូវគោកជាមួយកងកម្លាំងសន្តិសុខជាតិ នៅអំឡុងប្រតិបត្តិការយោធាឥតឈប់ឈរក្នុងស្រុក Achin នៃខេត្ត Nangarhar គិតត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ម៉្យាងវិញទៀតប្រតិបត្តិការនេះ នឹងប្រព្រឹត្តទៅរហូតទាល់តែតំបន់នេះ ត្រូវបានកម្ចាត់អស់ពីពួកសកម្មប្រយុទ្ធ ហើយពុំមានសមាជិកនៃកងកម្លាំងសន្តិសុខ ឬជនស៊ីវិលណាម្នាក់ត្រូវទទួលរងរបួសនោះឡើយ។
គួរបញ្ជាក់ថា ខេត្តតំបន់ភ្នំខាងលើនេះដែលស្ថិតនៅចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីរដ្ឋធានីកាប៊ុល បានក្លាយជាកន្លែងប៉ះទង្គិចគ្នារវាងកងទ័ពអាហ្វហ្គានីស្ថាន និងក្រុមភេរវករ ISIS ចាប់តាំងតែពួកសកម្មប្រយុទ្ធនេះបានកកើតឡើងនៅទីនោះ កាលពីអំឡុងដើមឆ្នាំ២០១៥មកម៉្លេះ៕