(ប៉ារីស)៖ អ្នកនយោបាយនិយមកណ្ដាល លោក Emmanuel Macron និងអ្នកនយោបាយស្ដាំនិយមជ្រុលលោកស្រី Marine Le Pen បានដឹកដៃគ្នាទៅជុំទី០២ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងដែលធ្វើឡើងនៅថ្ងៃទី០៧ ខែឧសភាខាងមុខ ក្រោយពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជុំទី០១ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយសំឡេង ២៣.៧៥ភាគរយ ទល់នឹង ២១.៥៣ភាគរយខណៈការស្ទង់មតិថ្មីបង្ហាញថា លោក Macron នឹងផ្ដួលលោកស្រី Le Pen នៅជុំទី០២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរអ្នកនយោបាយស្ដាំ និងឆ្វេងនិយមមួយចំនួនបានអំពាវនាវឱ្យប្រជាជនបារាំង រារាំងលោកស្រី Le Pen កុំឱ្យជាប់ឆ្នោតជាប្រធានាធិបតី ត្បិតពួកគេចាត់ទុកថា គោលនយោបាយរបស់លោកស្រីគឺជាគ្រោះមហន្តរាយមួយសម្រាប់បារាំង។ ជាងនេះទៅទៀត បើតាមការស្ទង់មតិដោយ Ipsos Sopra Steria នៅក្នុងការបោះឆ្នោតជុំទី០២ «លោក Macron នឹងទទួលបានសំឡេងគាំទ្រ ៦២ភាគរយ ទល់នឹង ៣៨ភាគរយ របស់លោកស្រី Le Pen រីឯ Harris Interactive ក៏បានព្យាករណ៍ដែរថា លោកស្រី Le Pen នឹងទទួលបានការគាំទ្រ ៣៦ភាគរយ ទល់នឹង ៦៤ភាគរយ របស់លោក Macron»។
ទោះបីជាយ៉ាងណាក៏ដោយ គេពិបាកនឹងរំពឹងទុក ចំពោះលទ្ធផលនៅជុំទី០២ ពីព្រោះគោលនយោបាយរបស់លោកស្រី Le Pen កំពុងចាក់ដោតចំបញ្ហា ដែលបារាំងកំពុងប្រឈមមុខដូចជា ភេរវកម្ម វិបត្តិជនភៀសខ្លួនជាដើម។
គួរបញ្ជាក់ថា លោក Macron គឺជាអ្នកនយោបាយសុទិដ្ឋិនិយម និងបើកជំហរ ចំណែកឯលោកស្រី Le Pen ជាអ្នកនយោបាយស្ដាំនិយមជ្រុលដែលមានបំណង បិទទ្វារព្រំដែនលែងទទួលយកជនភៀសខ្លួន, ឱ្យបារាំងចាកចេញពីសហភាពអឺរ៉ុប (Frexit) និងឈប់ចាយលុយអឺរ៉ូ មកចាយលុយហ្រ្វង់វិញ៕