(សេអ៊ូល)៖ ក្រសួងបង្រួបប្រង្រួមជាតិកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានឱ្យដឹងថា គ្មានស្ថានភាពខុសប្រក្រតីអ្វីកើតឡើងឡើយនៅកូរ៉េខាងជើង ខណៈទីក្រុងព្យុងយ៉ាងត្រូវបានគេរំពឹងទុកថា អាចនឹងដឹកនាំការសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី០៦ ឬក៏មីស៊ីលផ្លោង នៅក្នុងឱកាសនៃការប្រារព្ធខួបទី៨៥ នៃការ បង្កើតកងទ័ពប្រជាជនកូរ៉េនៅថ្ងៃអង្គារស្អែកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងខាងលើ លោក Lee Duk-haeng បានលើកឡើងដូច្នេះថា «ខណៈកូរ៉េខាងជើងត្រៀមប្រារព្ធខួបលើកទី៨៥ នៃថ្ងៃបង្កើតកងទ័ពកូរ៉េខាងជើង មិនមានសញ្ញាខុសប្រក្រតីកើតមាននៅកូរ៉េខាងជើងនោះទេ»។ ប៉ុន្តែព្រមពេលជាមួយគ្នា ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើងក៏បានអំពាវនាវផងដែរឱ្យប្រជាជនរបស់ខ្លួន បង្ហាញពីភក្ដីភាពចំពោះលោក គីម ជុង អ៊ុន នៅក្នុងបរិបទដែលទីក្រុងព្យុងយ៉ាងអះអាងថា បានត្រៀមខ្លួនជានិច្ចដើម្បីធ្វើសង្រ្គាមនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។
ជាងនេះទៅទៀត ស្របពេលនាវាផ្ទុកយន្ដហោះចម្បាំង Carl Vinson អាចនឹងធ្វើដំណើរទៅជិតតំបន់ដែនទឹកឧបទ្វីបកូរ៉េនៅក្នុងសប្ដាហ៍នេះ កូរ៉េខាងជើង បានព្រមានត្រង់ៗថា នឹងបាញ់ពន្លិច Carl Vinson បើសិនជានាវាអាមេរិកមួយនេះ ហ៊ានចូលក្នុងដែនទឹកឧបទ្វីបកូរ៉េ។
គួររំលឹកថា កូរ៉េខាងជើងមិនបានសាកល្បងអាវុធនុយក្លេអ៊ែរឡើយ ដោយគ្រាន់តែធ្វើការបង្ហាញពី គ្រាប់មីស៊ីលអន្តរទ្វីប ICBM និងសព្វាវុធរបស់ខ្លួនប៉ុណ្ណោះ នៅឯព្យុហយាត្រាយោធាក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៥ ខែមេសា នាឱកាសប្រារព្ធខួបកំណើតលើកទី១០៥ នៃបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង (ជីតារបស់លោក គីម ជុងអ៊ុន)៕