(ប៉ារីស)៖ ការបោះឆ្នោតនៅប្រទេស បារាំងតែងតែត្រូវបានចាត់ទុកជាបញ្ហាសំខាន់សម្រាប់អង់គ្លេស គឺចាប់តាំងពីបារាំងក្លាយជាផ្នែកមួយក្នុងទំនាក់ទំនងបារាំងអាឡឺម៉ង់ ដែលជាអ្នកកំណត់ទិសដៅផ្លូវដើររបស់សហភាពអឺរ៉ុបទាំងមូល។
មិនតែប៉ុណ្ណោះបារាំង ដូចគ្នានឹងអង់គ្លេសផងដែរ ដែលមានអំណាចយោធាឯករាជ្យ និងជាសមាជិកអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានរួមគ្នាជាមួយអង់គ្លេស(ក្នុងរូបភាពមិនស្មោះត្រង់) ក្នុងការបង្កើតច្បាប់អង្គការសហប្រជាជាតិដែលបានកំណត់រូបរាងនៃនយោបាយរបស់ពិភពលោក។នេះជាហេតុផលពីរយ៉ាងសំខាន់ដែលតែងតែបង្កឱ្យអង់គ្លេសមិនស្កប់ចិត្ត។ ប៉ុន្តែក្នុងឆ្នាំ២០១៧នេះ បញ្ហាចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប(Brexit) និងការកើនឡើងជាលំដាប់នូវចំនួនជនភៀសខ្លួនក្នុងទ្វីបអឺរ៉ុប កំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរផ្សេងទៀត។
ការព្យាករណ៍ទៅលើលទ្ធផលបោះឆ្នោត បានបង្ហាញថា បេក្ខជនពីររូបគឺលោកស្រី Le Pen និងលោក Emmanuel Macron ទទួលបានជោគជ័យក្នុងការបោះឆ្នោត យ៉ាងនេះក្តីភាពជោគជ័យរវាងបេក្ខជនលេចធ្លោទាំងពីររូប សុទ្ធតែអាចជះឥទ្ធិពលទៅលើអង់គ្លេស និងសហភាពអឺរ៉ុបទាំងមូលដូចគ្នា៖
* ប្រសិនបើលោកស្រី Le Pen ជាប់ឆ្នោត៖
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នឹងក្លាយជាអ្នកកំណត់ជោគវាសនា នៃកិច្ចចរចារបស់អង់គ្លេសដែលត្រូវចាកចេញពី EU។ ប្រសិនបើមេដឹកនាំបក្សស្តាំនិយមលោកស្រី Marine Le Pen ទទួលបានជោគជ័យនោះ ប្រទេសបារាំងនឹងក្លាយជាអ្នកកំណត់អនាគតរបស់សហភាពអឺរ៉ុបខ្លួនឯង។
សូមជម្រាបថា បក្សរបស់លោកស្រី Le Pen បានប្តេជ្ញាថា ប្រសិនបើបក្សជាប់ឆ្នោត នឹងដកប្រទេសបារាំងចេញពីតំបន់ចាកប្រាក់អឺរ៉ូ ព្រមទាំងគ្រោងនឹងរៀបចំប្រជាមតិ ក្នុងការសម្រេចចិត្តចាកចេញពីសមាជិកភាពរបស់អឺរ៉ុបផងដែរ ក្នុងករណីសហភាពនេះមិនព្រមព្រៀងតាមការទាមទាររបស់លោកស្រី ដែលបំបែកប្រភេទក្រដាសប្រាស់ចាយ ដាច់ដោយឡែកពីគ្នា ទៅតាមប្រទេសនីមួយៗ និងលុបបំបាត់គោលការណ៍ធ្វើដំណើរដោយសេរី ដែលកន្លងមកមិនមានការបែកចែកព្រំដែនប្រទេសនីមួយៗនោះ។
វាអាចនឹងទៅរួច ប៉ុន្តែអ្នកវិភាគក្នុងតំបន់លោក Mujtaba Rahman បានព្យាករណ៍ថា ប្រសិនបើលោកស្រី Le Pen ទទួលបានជោគជ័យ អាចនឹងបង្កជាភាពចលាចលកើត ឡើងក្នុងទីផ្សារហិរញ្ញវត្ថុ ដោយអ្នកវិនិយោគទុន នឹងភៀសខ្លួនទៅតំបន់ចាយប្រាក់អង់គ្លេស និងដុល្លាររបស់អាមេរិកវិញ។ បើទោះបីស្ថានភាពនេះ អាចនឹងវិលទៅរកស្ថិរភាព វិញក្តី ប៉ុន្តែលោកស្រី Le Pen ជាអ្នកសេដ្ឋកិច្ចជាតិនិយម ដែលមានបំណងចង់វិលទៅរករបបការពារនិយម (ការពារផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូល ផលិតផល ក្រៅប្រទេស) ក៏អាចបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅលើទីផ្សាររួមរបស់EU និងអង់គ្លេសដូចគ្នា ដែលបច្ចុប្បន្នវាជាតំបន់គោលដៅសម្រាប់ការ នាំចេញរបស់អង់គ្លេសរហូត ដល់៤៣ភាគរយ។ មានក្តីបារម្ភថា ការជាប់ឆ្នោតជាប្រធានាធិបតីរបស់លោកស្រី Le Pen អាចនឹងបង្កភាពចលាចលក្នុងសហភាពអឺរ៉ុប ហើយអាចធ្វើឱ្យកិច្ចចរចាក្នុងការ ចាកចេញរបស់អង់គ្លេសកាន់តែតឹងតែង អាចនឹងបង្កផលប៉ះពាល់ដល់សេក្តីសម្រេចរបស់សហភាពអឺរ៉ុបទៅលើបញ្ហានេះ ហើយបង្កជាវិបត្តិដែលមិនអាច ដោះស្រាយបានត្រឹមរយៈពេលពីរឆ្នាំខាងមុខបានឡើយ។
* ប្រសិនបើលោក Macron ជាប់ឆ្នោត៖
ជ័យជម្នះរបស់លោក Emmanuel Macron ក៏នឹងបង្កផលប៉ះពាល់ដល់កិច្ចចរចាក្នុងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបដូចគ្នា បើទោះបីជាមិនធ្ងន់ធ្ងរពេក ដូចលោកស្រី Le Pen ក្តី។ បារាំងបានសន្យាហើយថា នឹងចាប់យកគោលការណ៍ដ៏រឹងមាំមួយ ក្នុងការធ្វើកិច្ចចរចាជាមួយអង់គ្លេសក្នុងពេលខាងមុខ ប៉ុន្តែលោក Macron វិញបានចាត់ទុកចក្រភពអង់គ្លេស ជាប្រទេសចំណុះរបស់សហរដ្ឋអាមេរិក ដែលនឹងរងការឈឺចាប់ដោយការបោះឆ្នោតចាកចេញពី EU។ លោក Macron បានសន្យាថា លោកនឹងផ្តល់កំណើតជាថ្មីដល់ EU ប្រសិនបើលោកទទួលជ័យជម្នះ ជាការពិតមួយដែលបង្ហាញយ៉ាងច្បាស់ថា លោកមានទំនោរខ្ពស់ទៅរកសហភាពអឺរ៉ុប ដែលនឹងនាំ EU ចាកចេញពីវិបត្តិ។
ប៉ុន្តែបើតាមទិដ្ឋភាពជាក់ស្តែង វាមិនមែនជារឿងងាយនោះឡើយ ដោយប្រជាពលរដ្ឋបារាំងរាប់លាននាក់ បានបោះឆ្នោតឱ្យលោកស្រី Le Pen ស្របពេលដែលលោក Macron ជានយោបាយក្មេងខ្ចីម្នាក់ដែលអតីតត្រឹមជារដ្ឋមន្ត្រីសេដ្ឋកិច្ច ដែលមិនធ្លាប់ជោគជ័យក្នុងការបោះឆ្នោតណាមួយ និងគ្មានបទពិសោធន៍អំពីយន្តការ នយោបាយឡើយ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា