(ប៉ារីស)៖ បេក្ខជនប្រធានាធិបតីបារាំង លោក Emanuel Macron បានឈ្នះការបោះឆ្នោតជុំទី១ តាមពីក្រោយដោយលោកស្រី Marine Le Pen ក្រោយពីបញ្ចប់ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដើម្បីឈានបន្តទៅរកការបោះឆ្នោតជុំទី០២ នៅថ្ងៃទី០៧ ខែឧសភា។ នេះបើតាមទិន្នន័យបឋមរបស់ក្រសួងមហាផ្ទៃបារាំង ដកស្រង់ដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។
យោងតាមទិន្នន័យដដែល លោក Emanuel Macron បាននាំមុខក្នុងការបោះឆ្នោតជុំទី០១ ដោយទទួលបានសំឡេងគាំទ្រ ២៣.៧៥ភាគរយទល់នឹង ២១.៥៣ភាគរយរបស់លោកស្រី Marine Le Pen ខណៈលោក Francois Fillon ទទួលបានការគាំទ្រ ១៩.៩១ភាគរយ និងលោក Jean-Luc Melenchon ១៩.៦៤ភាគរយ។
គួរបញ្ជាក់ថា បើតាមការស្ទង់មតិនៅក្រោយលទ្ធផលបោះឆ្នោតជុំទី០១ លោក Macron អាចនឹងផ្ដួលលោកស្រី Le Pen នៅក្នុងការបោះឆ្នោតជុំទី០២ ជាមួយនឹងសំឡេងគំាទ្រ ៦២ភាគរយទល់នឹង ៣៨ភាគរយ ឬ ៦៤ភាគរយទល់នឹង ៣៦ភាគរយ។ Macron គឺជាអ្នកនយោបាយសុទិដ្ឋិនិយម និងបើក ចំហ ចំណែកឯលោកស្រី Le Pen ជាអ្នកនយោបាយស្ដាំនិយមជ្រុល ដែលមានបំណង បិទទ្វារព្រំដែនលែងទទួលយកជនភៀសខ្លួន, ឱ្យបារាំងចាកចេញ ពីសហភាពអឺរ៉ុប (Frexit) និងឈប់ចាយលុយអឺរ៉ូ មកចាយលុយហ្រ្វង់វិញ៕