(ព្យុងយ៉ាង)៖ នាពេលថ្មីៗនេះរដ្ឋមន្រ្តីការបរទេសអូស្រ្តាលីលោកស្រី Julie Bishop បានឆ្លើយតបទៅកាន់ របបដឹកនាំទីក្រុងព្យុងយ៉ាងថា កូរ៉េខាងជើង គួរតែផ្តោតការយកចិត្តទុកដាក់បន្ថែមទៅលើការអភិវឌ្ឍ ប្រទេស ក៏ដូចជាការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ និងសុខុមាលភាពនៃប្រជាជនរបស់ខ្លួនវិញទៅ ជាជាងការខំប្រឹងប្រែងអភិវឌ្ឍន៍អាវុធប្រល័យលោកនោះ បន្ទាប់ពីរដ្ឋកុម្មុយនិស្តមួយនេះបានគំរាមបើកការវាយប្រហារដោយអាវុធនុយក្លេអ៊ែរមកលើប្រទេសអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។
លោកស្រី Julie Bishop បានចោទប្រកាន់កូរ៉េខាងជើងថា បាន និងកំពុងបង្កអសន្តិភាព និងអស្ថិរភាព នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកស្រី Julie បានថ្លែងប្រាប់សារព័ត៌មានអូស្រ្តាលី AAP យ៉ាងដូច្នេះថា «ការគំរាមកំហែងនៃការវាយប្រហារដោយអាវុធក្លេអ៊ែរ ប្រឆាំងនឹងប្រជាជាតិដទៃទៀតៗរបស់កូរ៉េខាងជើង កាន់តែគូសបញ្ជាក់ខ្លាំងថែមទៀត អំពីតម្រូវការចាំបាច់ឲ្យរបបដឹកនាំទីក្រុងព្យុងយ៉ាង ធ្វើការបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងមិនស្របច្បាប់របស់ខ្លួន»។
លោកស្រ្តីរដ្ឋមន្រ្តីការបរទេសអូស្រ្តាលីបានបន្តថា «ប្រការនេះបង្ហាញយ៉ាងច្បាស់ អំពីការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយដល់ប្រទេសជិតខាងរបស់កូរ៉េខាងជើង ហើយបើសិនជានៅតែបន្តមិនរវីរវល់ ឬមានចំណាត់ការជាក់លាក់ទេនោះ វានឹងរីករាលដាលដល់តំបន់ឆ្ងាយៗទៀតរួមទាំងអូស្រ្តាលីផងដែរ។ ម៉្យាងវិញទៀតរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង គួរតែងាកទៅចំណាយថវិកា និងបង្កើនការយកចិត្តដាក់ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលបាន និងកំពុងទទួលរងទុក្ខលំបាកវេទនាជាយូរអង្វែងរបស់ខ្លួន»។
គួរបញ្ជាក់ថា នាថ្ងៃអាទិត្យម្សិលមិញនេះ យោងតាមការដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មាន KCNA អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានព្រមានដូច្នេះថា «បើសិនជាអូស្ត្រាលីនៅតែបន្តធ្វើតាម ឬឱបជើងសហរដ្ឋអាមេរិក ដើម្បីប្រឆាំង ឬក៏ចង់ខ្ទប់ដង្ហើមកូរ៉េខាងជើង នោះសកម្មភាពនេះ នឹងក្លាយជាទង្វើសម្លាប់ខ្លួនឯង ជាមួយការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ពីសំណាក់កងកម្លាំងយុទ្ធសាស្ត្រកូរ៉េខាងជើង»៕