(ប៉េកាំង)៖ ទីក្រុងប៉េកាំងសង្ឃឹមថា គ្រប់ភាគីទាំងអស់អាចនឹងអនុវត្តន៍ការអត់ធ្មត់លើបញ្ហាកូរ៉េខាងជើង ព្រមទាំងជៀសវាងការធ្វើសកម្មភាពបង្ករឿងនានា។ នេះជាការលើកឡើងរបស់ប្រធានាធិបតិតីចិន លោក ស៊ី ជិនពីង នៅក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក ដូណាល់ ត្រាំ ដកស្រង់ដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់លោក ស៊ី ធ្វើឡើងនៅចំពេលដែលនាវាដឹកយន្ដហោះចម្បាំងអាមេរិក USS Carl Vinson កាន់តែខិតមកជិតតំបន់ឧបទ្វីបកូរ៉េ ខណៈកូរ៉េខាងជើងគំរាមបាញ់ពន្លិចនាវាអាមេរិកមួយនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ ថ្លែងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ លោក ស៊ី បានសង្កត់ធ្ងន់ ដោយមិននិយាយចំឈ្មោះកូរ៉េខាងជើងថា ចិនជំទាស់យ៉ាងខ្លាំងរាល់សកម្មភាពទំាងឡាយណា ដែលរំលោភលើដំណោះស្រាយនៃក្រុមប្រឹក្សាសន្តិសុខ UN ហើយទីក្រុងប៉េកាំងក៏សង្ឃឹមដែរថា គ្រប់ភាគីពាក់ព័ន្ធអាចនឹងទទួលខុសត្រូវ ក៏ដូចជាធ្វើការងាររួមគ្នា ដោះស្រាយបញ្ហាលើឧបទ្វីបកូរ៉េដោយសន្តិវិធី។
គួរបញ្ជាក់ថា យន្ដហោះចម្បាំងអាមេរិក USS Carl Vinson កំពុងធ្វើដំណើរទៅកាន់តំបន់ឧបទ្វីបកូរ៉េ ដើម្បីឃ្លំាមើលក៏ដូចជា រកវិធានការទប់ស្កាត់សកម្មភាពបង្កហេតុ រួមមានការសាកល្បងអាវុធនុយក្លេអ៊ែរ ឬមីស៊ីលផ្លោងពីសំណាក់ទីក្រុងព្យុងយ៉ាង ដែលនឹងរៀបចំខួបទី៨៥ នៃការបង្កើតកងទ័ពកូរ៉េខាងជើង នៅថ្ងៃអង្គារ ស្អែកនេះ៕