(ញូយ៉ក)៖ ពិធីការិនីស្ថានីយ៍ទូរទស្សន៍ CNN លោកស្រី Alisyn Camerota បានបង្ហើបឲ្យដឹងថា កាលពីពេលនៅបម្រើការងារឲ្យសារព័ត៌មាន Fox News រូបលោកស្រីធ្លាប់បានទទួលរងការបៀតបៀនកេរ្តិ៍ខ្មាសដោយលោក Roger Ailes ដែលជាអតីតនាយកប្រតិបត្តិ (CEO) នៃបណ្តាញសារព័ត៌មានដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។
ដូចទៅនឹងអតីតមិត្តរួមការងារដទៃៗទៀតនៅឯ Fox News ដែលបានចោទប្រកាន់អតីតចៅហ្វាយរបស់ពួកគេ អំពីការប្រព្រឹត្តទង្វើមិនសមរម្យនេះដែរនោះ លោកស្រី Alisyn Camerota សព្វថ្ងៃជាពីធីការិនីមួយរូបរបស់ស្ថានីយ៍ទូរទស្សន៍ CNN បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍មួយថា លោក Roger Ailes បានស្នើថាពួកគេទាំងពីរប្រហែលជា ត្រូវព្យាយាមស្វែងយល់ចិត្តថ្លើមគ្នាឲ្យកាន់តែប្រសើរថែមទៀត នៅឯសណ្ឋាគារបើសិនជាលោកស្រីចង់ទទួលបានភាពជោគជ័យនាថ្ងៃអនាគត នៅក្នុងបណ្តាញសារព័ត៌មាន Fox News។
លើសពីនេះទៀតលោកស្រី Camerota ដែលបានចំណាយពេល១៦ឆ្នាំធ្វើការនៅក្នុង Fox News បានឲ្យដឹងបន្ថែមថា លោក Ailes ជារឿយៗតែងតែបានប្រើប្រាស់ពាក្យមិនសមរម្យចំពោះបុគ្គលិកស្រី អំពីផ្នែកនៃរាងកាយរបស់ពួកគេ។ យ៉ាងណាមិញមេធាវីរបស់លោក Roger Ailes បានចេញមុខច្រានចោលការចោទប្រកាន់ទាំងអស់នេះ ដោយអះអាងថា ជារឿងប្រឌិតសុទ្ធសាធ។
គួរបញ្ជាក់ថា ការចោទប្រកាន់ដ៏ថ្មីសន្លាងខាងលើនេះបានផ្ទុះឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលពិធីករជើងចាស់ដ៏ល្បីមួយរូបរបស់ Fox News គឺលោក Bill O'Reilly ត្រូវបានបញ្ឈប់ពីការងារ បន្ទាប់ពីបណ្តាញសារព័ត៌មាននេះបានបង់ប្រាក់សងជំងឺចិត្តចំនួន១៣លានដុល្លារទៅឲ្យស្រ្តីប្រាំរូប ដើម្បបញ្ចប់សំណុំរឿងបៀតបៀនកេរ្តិ៍ខ្មាសមួយផ្សេងទៀតប្រឆាំងនឹងរូបលោក៕
លោក Roger Ailes ដែលជាអតីតនាយកប្រតិបត្តិ CEO Fox News
លោកស្រី Alisyn Camerota