(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃចន្ទនេះថា នាវាដឹកយន្តហោះចម្បាំងអាមេរិក USS Carl Vinson នឹងមកចូលរួមធ្វើសមយុទ្ធយោធាជាមួយនឹងនាវាចម្បាំងរបស់កូរ៉េខាងត្បូងនៅក្បែរឧបទ្វីបកូរ៉េ ដើម្បីត្រៀមទប់ទល់នឹងការបង្កហេតុដោយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Moon Sang-gyun បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រឹក្សាគ្នានៅតែបន្តធ្វើឡើងនៅឡើយរវាងភាគីទាំងពីរ នៅក្នុងចូលរួមធ្វើសមយុទ្ធនោះ»។ សមយុទ្ធនេះត្រូវប្រកាសថា នឹងរៀបចំឡើងក្រោយពីនាវាដឹកយន្តហោះចម្បាំង USS Carl Vinson របស់អាមេរិកបាន និងកំពុងធ្វើសមយុទ្ធជាមួយនាវាចម្បាំងជប៉ុន ដែលស្ថិតនៅក្នុងគោលដៅដូចគ្នា។
គួរបញ្ជាក់ថា សារព័ត៌មានរដ្ឋកូរ៉េខាងជើងគ្រាន់តែបានដឹងថា នាវាដឹកយន្តហោះចម្បាំងអាមេរិកកំពុងឆ្ពោះមកកាន់តំបន់ក្បែរឧបទ្វីបកូរ៉េនោះ ខ្លួនក៏បានចេញសេចក្តីព្រមានភ្លាមៗថា នឹងបាញ់ពន្លិចនាវាដឹកយន្តហោះចម្បាំងនោះ បើសិនជាវាមានការគំរាមកំហែងណាមួយមកលើកូរ៉េខាងជើង។ ស្ថានការណ៍នៅឧបទ្វីបកូរ៉េបន្តស្ថិតនៅក្នុងភាពផុយស្រួយដដែល ខណៈដែលនៅថ្ងៃអង្គារស្អែកនេះ កូរ៉េខាងជើងនឹងរៀបចំខួបទី៨៥ឆ្នាំ នៃការបង្កើតកងទ័ពកូរ៉េខាងជើង ដែលនឹងអាចមានព្រឹត្តិការណ៍ក្តៅៗកើតឡើង៕