(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានធ្វើការចោទប្រកាន់ និងអះអាងថា មេបក្សប្រឆាំងនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ គឺជាអ្នកដែលត្រូវទទួលខុសត្រូវលើបាតុកម្មដ៏ហិង្សានាប៉ុន្មានសប្តាហ៍មកនេះ ដែលជាលទ្ធផលបានបង្កឲ្យមនុស្ស ១៥នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទអត្ថាធិប្បាយប្រចាំសប្តាហ៍ក្នុងសភាជាតិ នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា លោក ម៉ាឌូរ៉ូ បានធ្វើការចោទប្រកាន់ទៅលើសមាជិករដ្ឋសភា ដែលជាមេដឹកនាំក្រុមប្រឆាំងដូចជាលោក Jose Guerra និងលោក Tomas Guanipa ថា ពួកលោកទាំងពីររូបនេះជាដើមចមដ៏សំខាន់នៃការបំផុសឲ្យមានអំពើហិង្សានៅក្នុងរដ្ឋធានីការ៉ាកាស់កាលពីប៉ុន្មានសប្តាហ៍មកនេះ ក្នុងនោះក៏រួមមានទាំងការវាយប្រហារទៅលើមន្ទីរពេទ្យគាំពារមាតា និងទារកនៅក្នុងរដ្ឋធានីការ៉ាកាស់ កាលពីថ្ងៃទី២០ ខែមេសាផងដែរ ដោយមេដឹកនាំប្រទេសរូបនេះ កំពុងរៀបចំធ្វើការស៊ើបអង្កេតហើយ។
គួរបញ្ជាក់ថា ការតវ៉ាប្រកបដោយអំពើហិង្សាដ៏ក្តៅគគុក បានកើតមានឡើងនៅក្នុងរដ្ឋធានីការ៉ាកាស់ និងបណ្តាទីក្រុងមួយចំនួនទៀតរបស់វេណេស៊ុយអេឡា តាំងពីដើមខែមេសានេះមកម្ល៉េះ ដោយក្នុងនោះការប៉ះទង្គិចគ្នារវាងប៉ូលិស និងបាតុករបានបង្កឲ្យបាត់បង់ជីវិតមនុស្ស ១៥នាក់, របួសជិត ៣០០នាក់, និងមនុស្សជាច្រើននាក់ទៀតត្រូវបានចាប់ខ្លួន។ ប្រជាជនដែលចូលរួមតវ៉ាបានបង្ហាញការខឹងសម្បារនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ និងទាមទារឲ្យលោក ម៉ាឌូរ៉ូ ចុះចេញពីអំណាច៕