(ប៉េកាំង)៖ ប្រទេសចិនបានប្រកាសថា ខ្លួនបានត្រៀមរួចរាល់ហើយក្នុងការបញ្ចេញនាវាដឹកយន្តហោះចម្បាំងដែលផលិតនៅក្នុងស្រុកដំបូងបំផុត ដើម្បីរំលឹកខួបទី៦៨ឆ្នាំ នៃការបង្កើតកងទ័ពជើងទឹកប្រជាជនចិន PLA។ នេះបើតាមការដកស្រង់ពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧។
នាវាដឹកយន្តហោះចម្បាំងខាងលើនេះ ត្រូវបានគេឲ្យឈ្មោះថា Type 001A ត្រូវបានគេបញ្ជូនចេញពីកន្លែងសាងសង់នាវារួចធ្វើការតុបតែង និងរៀបចំរួចជាស្រេចដើម្បីធ្វើការដាក់សម្ពោធ ប៉ុន្តែថ្ងៃសម្ពោធជាផ្លូវការនោះនៅមិនទាន់មានការបញ្ជាក់នោះឡើយ គ្រាន់តែគេដឹងថា អាចនឹងកើតឡើងនាវាពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថា នាវាខាងលើនេះត្រូវបានដាក់សំចតនៅក្នុងកំពង់ផែទីក្រុង Dalian នៃខេត្ត Liaoning ខណៈដែលរូបភាពកាលពីពេលថ្មីៗនេះបានបង្ហាញថា កងទ័ពជើងទឹកមួយចំនួនកំពុងធ្វើការហាត់សម ដើម្បីចូលរួមពិធីបើកសម្ពោធនាវាខាងលើនេះ។
នាវាដឹកយន្តហោះចម្បាំងថ្មីរបស់ចិន អាចដាក់ទម្ងន់បាន ៧០,០០០តោន, មានប្រវែង ៣១៥ម៉ែត្រ និងទទឹង ៧៥ម៉ែត្រ ហើយនឹងមានល្បឿន ៣១ knotes។ វាធំជាងនាវាដឹកយន្តហោះចម្បាំង Liaoning ដែលមានស្រាប់របស់ចិនបន្តិច ដែលជារបស់អតីតសហភាពសូវៀត ត្រូវបានចិនទិញពីអ៊ុយក្រែនមកធ្វើការជួសជុលបន្ថែមកាលពីឆ្នាំ១៩៩៨៕