(តូក្យូ)៖ នាវាពិឃាតជប៉ុន០២គ្រឿងនៅថ្ងៃអាទិត្យ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាជាមួយកងនាវា ចម្បាំងអាមេរិក ដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង USS Carl Vinson នៅឯតំបន់ប៉ាស៊ីហ្វិកខាងលិច ខណៈក្រុមនាវាចម្បំាងអាមេរិកទំាងនេះ កំពុងស្ថិតនៅកាន់តែជិតតំបន់ដែនទឹកឧបទ្វីបកូរ៉េនៅក្នុងបរិបទដែលការព្រមានវាយប្រហារលើកូរ៉េខាងជើងកើតឡើងជាបន្តបន្ទាប់។ នេះបើតាមក្រុមមន្ត្រីជប៉ុន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទទី២៤ ខែមេសា ឆ្នាំ២០១៧។
ប្រភពដដែលថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណបានឱ្យដឹងថា នាវាពិឃាតជប៉ុនចំនួន០២ គឺ Samidare និង Ashigara បានចាកចេញពីដែនទឹកភាគខាងលិចប្រទេសជប៉ុន កាលពីចុងសប្តាហ៍មុន ដើម្បីទៅចូលរួមសមយុទ្ធយោធាជាមួយ នាវាដឹកយន្តហោះចម្បាំង Carl Vinson ក្នុងគោលបំណងបង្ហាញ ពីសាមគ្គីភាពរវាងប្រទេសទាំងពីរ ប្រឈមមុខនឹងការគំរាមវាយប្រហារដោយគ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែររបស់សំណាក់កូរ៉េខាងជើង។ លើសពីនេះទៅទៀតយោធាជប៉ុន ក៏បានបញ្ជាផងដែរឱ្យនាវាពិឃាតរបស់ខ្លួន អមដំណើរនាវា Carl Vinson ឆ្ពោះទៅកាន់តំបន់សមុទ្រចិនខាងកើត ជាទីដែលជប៉ុន និងចិនកំពុងមានជម្លោះដែនទឹកនឹងគ្នា។
គួរបញ្ជាក់ជូនថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យនាវាដឹកយន្តហោះចម្បាំង Carl Vinson ធ្វើដំណើរទៅកាន់តំបន់ក្បែរដែនទឹកឧបទ្វីបកូរ៉េ ដើម្បីកំញើញកូរ៉េខាងជើងកុំឱ្យសាកល្បងអាវុធនុយក្លេអ៊ែរ ស្របពេលទីក្រុងព្យុងយ៉ាង ត្រូវបានគេជឿជាក់ថា អាចនឹងធ្វើសកម្មភាពបង្ករឿងជាថ្មីនៅឱកាសនៃការប្រារព្ធខួបលើកទី៨៥ នៃថ្ងៃបង្កើតកងទ័ពកូរ៉េខាងជើងនៅថ្ងៃអង្គារ ទី២៥ ខែមេសានេះ៕