(ប៉ារីស)៖ យោងតាមបណ្តាញសារព័ត៌មានអន្តរជាតិធំៗ បានចេញផ្សាយនៅមុននេះបន្តិចនាព្រឹកថ្ងៃទី២៤ ខែមេសានេះឲ្យដឹងថា បន្ទាប់ពីការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីជុំទី១ត្រូវបានបញ្ចប់, ភ្នាក់ងាររបស់គណៈកម្មការរាប់សន្លឹកឆ្នោតបារាំងបានចាប់ផ្តើមរាប់, ដោយលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី១ បានបង្ហាញថា៖ លោកស្រី Marine Le Pen និងលោក Emmanuel Macron បានទទួលជោគជ័យឆ្លងចូលដល់ការបោះឆ្នោតជុំទី០២។
ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីបារាំងជុំទី០១ បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃអាទិត្យ ហើយបញ្ចប់នៅម៉ោង៧-៨យប់ថ្ងៃដដែល។ គួរបញ្ជាក់ថា ការបោះឆ្នោតនេះ ប្រព្រឹត្តទៅក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លំាង បន្ទាប់ពីមានការវាយប្រហារភេរវកម្ម សម្លាប់ប៉ូលិសម្នាក់កាលពីបី ថ្ងៃមុននៅឯមហាវិថី សម អេលីហ្សេ (Champ Elysee) ក្នុងទីក្រុងប៉ារីស។ អាជ្ញាធរបារាំង បានដាក់ពង្រាយ ប៉ូលិសច្រើនជាង ៥០ ០០០នាក់ ក្រោមការជួយ ជ្រោមជ្រែងពីយោធា ៧០០០នាក់ ក្នុងការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅ ថ្ងៃបោះឆ្នោតនេះ។