(ប៉ារីស)៖ ការិយាល័យបោះឆ្នោតចំនួន ៦៦ ៥៤៦កន្លែង នៅតាមទីក្រុងធំៗក្នុងប្រទេសបារាំង បានបើកទ្វារហើយ នៅព្រឹកម៉ោង៨ ថ្ងៃអាទិត្យនេះ (ត្រូវនឹងម៉ោង០១រសៀល នៅកម្ពុជា) ដើម្បីឱ្យប្រជាជនបារំាងមានសិទ្ធិបោះឆ្នោត ជិត៤៧លាននាក់ បោះឆ្នោតជ្រើសរើស ប្រធានាធិបតីបារាំងថ្មី (ជុំទី០១) ជំនួសលោក ហ្រ្វង់ស័រ ហូឡង់ សម្រាប់ អណត្តិ០៥ឆ្នាំ។ ការិយាល័យបោះឆ្នោតទំាងអស់នឹងត្រូវបិទទ្វារ នៅម៉ោង ៧ ឬ៨យប់ (ម៉ោងនៅក្នុងប្រទេសបារាំង)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារាំង Le Monde នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បន្ទាប់ពីមានការវាយប្រហារភេរវកម្មសម្លាប់ប៉ូលិសម្នាក់ កាលពីបីថ្ងៃមុន នៅឯមហាវិថី សម អេលីហ្សេ (Champ Elysee) ក្នុងទីក្រុងប៉ារីសអាជ្ញាធរបារាំង នឹងដាក់ពង្រាយប៉ូលិសច្រើនជាង ៥០,០០០នាក់ ក្រោមការជួយជ្រោមជ្រែងពីយោធា ៧០០០នាក់ ក្នុងការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅ ថ្ងៃបោះឆ្នោតនេះ។ ដោយឡែក ជុំវិញការបោះឆ្នោតនេះដែរ ប្រជាជនបារាំង រស់នៅតំបន់ដែនដីបារាំងនៅឯនាយសមុទ្រមួយចំនួន ដូចជា Guadeloupe, Guyane, Martinique, Saint-Barthélemy, Saint-Martin, Saint-Pierre, Miquelon និង Polynésie française បានទៅបោះឆ្នោតចាប់តាំងពីថ្ងៃទី២២ ខែ មេសា ម្សិលមិញមកម្លេះ ខណៈតំបន់ Réunion, Mayotte និង Nouvelle-Calédonie នឹងដំណើរការបោះឆ្នោតដូចជាទីក្រុងធំៗរបស់បារាំង។
គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជុំទី០១ បេក្ខជនប្រធានាធិបតីបារាំងម្នាក់ៗ ត្រូវតែរកសំឡេងគាំទ្រឱ្យបានច្រើនជាង៥០ភាគរយ ពោលគឺបេក្ខជនពីរនាក់ ដែលទទួល បានការគំាទ្រច្រើនជាងគេនឹងត្រូវឈានចូលការបោះឆ្នោតជុំទី០២ នៅថ្ងៃទី០៧ ខែឧសភា។ ដោយឡែក បើផ្អែកលើការស្ទង់មតិជាច្រើននៅក្នុង ចំណោមបេក្ខជន ប្រធានាធិបតីបារាំងទាំង១១រូប លោក ម៉ានុយអ៊ែល ម៉ាក្រុន និងលោកស្រី ម៉ារីន ឡឺប៉ែន ត្រូវបានគេរំពឹងថា អាចនឹងឈ្នះនៅក្នុងការបោះឆ្នោត ជុំទី០១។ ម្យ៉ាងវិញទៀត ការបោះឆ្នោតនេះ ពិតជាមានសារៈសំខាន់ណាស់ ម្រាប់សហភាពអឺរ៉ុបទំាងមូល ត្បិត បេក្ខជនប្រធានាធិបតីស្ដាំនិយមជ្រុល ដូចជា លោកស្រី ម៉ារីន ឡឺប៉ែន បានប្ដេជ្ញាចិត្តនាំបារាំងចាកចេញពីសហភាពអឺរ៉ុប (Frexit) រីឯបេក្ខជនខ្លះទៀត ដូចជាលោក ហ្រ្វង់ស័រ ហ្វីយ៉ុង់ បានបង្ហាញទំនោរងាក ទៅរករុស្ស៊ី ដែលកំពុងប្រកួតប្រជែងឥទ្ធិពលជាមួយអឺរ៉ុប៕