(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីស៊ីរីចេញមុខបកស្រាយអំពីមូលហេតុ ដែលប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសលោក មិនបានបាញ់ទម្លាក់មីស៊ីល Tomahawk ចំនួន៥៩គ្រាប់របស់សហរដ្ឋអាមេរិកកាលពីអំឡុងដើមខែមេសានេះ។
២៖ Google អបអរ «ទិវានៃភពផែនដី» ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំនាថ្ងៃទី២២ ខែមេសា និងបំផុសមនុស្សទូទាំងពិភពលោកឲ្យនាំគ្នាស្រឡាញ់បរិស្ថានខ្លាំងជាងមុន។
៣៖ ទីបំផុតកម្មករអណ្តូងរ៉ែចំនួន០៦នាក់ នាថ្ងៃសៅរ៍នេះ ត្រូវបានជួយសង្រ្គោះនិងបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីបានជាប់ខ្លួនអស់រយៈពេលបីថ្ងៃ នៅក្នុងអណ្តូងរ៉ែធ្យូងថ្មដែលពួកគេធ្វើការ ស្ថិតក្នុងទីក្រុង Yulin ខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិន។
៤៖ លោក ដូណាល់ ត្រាំ ផ្ញើលិខិតអញ្ជើញនាយករដ្ឋមន្រ្តីវៀតណាម ឲ្យទៅបំពេញដំណើរទស្សនកិច្ច នៅអាមេរិក។
៥៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ច្រានចោលសេចក្តីរាយការណ៍ព័ត៌មាននាពេលថ្មីៗនេះ ដែលថាមានមនុស្សដល់ទៅជិត១០,០០០នាក់ បានបាត់បង់ជីវិតក្រៅប្រព័ន្ធតុលាការ នៅក្នុងអំឡុងការធ្វើយុទ្ធនាការបង្រ្កាបគ្រឿងញៀនដ៏បង្ហូរឈាម ដែលដឹកនាំដោយរូបលោកផ្ទាល់។
៦៖ កងទ័ពអាហ្វហ្គានីស្ថានយ៉ាងតិចចំនួន១៤០នាក់ បានបាត់បង់ជីវិតនាពេលថ្មីៗនេះ ដោយសារក្រុមឧទ្ទាមតាលីបង់ ដែលត្រូវគេអះអាងថា បានបន្លំខ្លួនក្នុងសម្លៀបបំពាក់ជានាយទាហាន និងបានបើកការវាយប្រហារយ៉ាងចាស់ដៃ ទៅលើមូលដ្ឋានយោធាមួយកន្លែង នៅក្នុងប្រទេសនៃតំបន់អាស៊ីខាងត្បូងមួយនេះ។
៧៖ អនុប្រធានាធិបតីអាមេរិកលោក Mike Pence អះអាងថា ទីបំផុតនាវាផ្ទុកយន្តហោះចម្បាំង-នុយក្លេអ៊ែរ នឹងទៅដល់សមុទ្រជប៉ុន ជាប់ឧបទ្វីបកូរ៉េ នៅចុងខែមេសានេះហើយ៕