(កាប៊ុល)៖ កងទ័ពអាហ្វហ្គានីស្ថានយ៉ាងតិចចំនួន១៤០នាក់ បានបាត់បង់ជីវិតនាពេលថ្មីៗនេះ ដោយសារក្រុមឧទ្ទាមតាលីបង់ ដែលត្រូវគេអះអាងថា បានបន្លំខ្លួនក្នុងសម្លៀបបំពាក់ជានាយទាហាន និងបានបើកការវាយប្រហារយ៉ាងចាស់ដៃ ទៅលើមូលដ្ឋានយោធាមួយកន្លែង នៅក្នុងប្រទេសនៃតំបន់អាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧។
មន្រ្តីយោធាមួយរូបដែលស្ថិតនៅក្នុងទីក្រុង Mazari-Sharif ភាគខាងជើងអាហ្វហ្គានីស្ថាន ជាទីដែលផ្ទុះការលួចវាយប្រហារដ៏កក្រើកខាងលើ បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា កងទ័ពយ៉ាងហោចណាស់ចំនួន១៤០នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានទទួលរងរបួសជាទម្ងន់។ ម៉្យាងវិញទៀតមន្រ្តីយោធាអាហ្វហ្គានីស្ថានដទៃទៀតក៏បានអះអាងផងដែរថា ចំនួនមនុស្សបាត់បង់ជីវិតទំនងជានឹងកើនឡើងខ្ពស់បន្ថែមទៀត។
យោងតាមប្រភពពីយោធាអាហ្វហ្គានីស្ថាន ក្រុមអ្នកប្រយុទ្ធតាលីបង់ប្រមាណ ១០នាក់ ស្ថិតក្នុងសម្លៀកបំពាក់ពលទាហានអាហ្វហ្គានីស្ថាន និងជិះរថយន្តយោធា ត្រូវបានបន្លំខ្លួនចូលទៅក្នុងមូលដ្ឋានទ័ព ដែលបានទទួលរងការវាយឆ្មក់ខាងលើ រួចហើយបានបើកការបាញ់ប្រហារទៅលើកងទ័ព ដែលកំពុងអង្គុយហូបអាហារពេលល្ងាច និងខ្លះទៀតកំពុងចាកចេញពីព្រះវិហារក្រោយពេលថ្វាយបង្គំព្រះរួច។ ពួកតាលីបង់ទាំងនោះត្រូវបានគេអះអាងថា ប្រដាប់ដោយគ្រាប់រ៉ុក្កែត និងកាំភ្លើងរះជាច្រើនដើម។
ជុំវិញហេតុការណ៍នេះ អ្នកនាំពាក្យក្រុមឧទ្ទាមតាលីបង់បានចេញសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះគឺជាការសងសឹក ចំពោះការសម្លាប់មេដឹកនាំជាន់ខ្ពស់របស់តាលីបង់ជាច្រើនរូប នៅភាគខាងជើងអាហ្វហ្គានីស្ថាន កាលពីពេលថ្មីៗនេះ៕