(អូស្ត្រាលី)៖ អំឡុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានលើកឡើងថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ នៅតែអាចកើតមានឡើងដោយសន្តិវិធី តាមរយៈកិច្ចសហការគ្នាថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧។
ការលើកឡើងរបស់លោក Pence បានលើកឡើងដូចខាងលើនេះ គឺស្របពេលដែលពិភពលោកមានការព្រួយបារម្ភថា កូរ៉េខាងជើងកំពុងតែរៀបចំបំផ្ទុះអាវុធនុយក្លេអ៊ែរសាកល្បង ជាលើកទី០៦ ដែលវានឹងខ្លាំងក្លាជាងពេលណាៗទាំងអស់ ហើយក៏នឹងបង្កឲ្យស្ថានការណ៍ក្នុងតំបន់ប្រែក្លាយកាន់តែអាក្រក់ខ្លាំងឡើងៗផងដែរ។
ដោយឡែកការធ្វើសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បានអះអាងថា ក្រុមនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ USS Carl Vinson របស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើដំណើរឆ្ពោះរកដែនទឹកក្បែរឧបទ្វីបកូរ៉េនោះ នឹងទៅដល់លើផ្ទៃសមុទ្រជប៉ុននៅប៉ុន្មានថ្ងៃខាងមុខ ពោលគឺមិនឲ្យដាច់ខែនេះទាន់ឡើយ។
លោកអនុប្រធានាធិបតីអាមេរិកបានថ្លែងយ៉ាងដូច្នេះថា «ការរំពឹងទុករបស់យើងគឺថា ពួកគេ (ក្រុមនាវាយោធាខាងលើ) នឹងស្ថិតនៅលើដែនសមុទ្រជប៉ុនក្នុងពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នៅមុនដំណាច់ខែនេះ»។ លោក Pence ឲ្យលើកឡើងទៀតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមានជំនឿជឿជាក់ថា ការរំដោះឧបទ្វីបកូរ៉េពីអានុយក្លេអ៊ែរ នឹងអាចសម្រេចបានដោយជោគជ័យតាមសន្តិវិធី ពីព្រោះតែក្បួនយុទ្ធសាស្រ្តទាក់ទងថ្មីជាមួយប្រទេសចិន របស់រដ្ឋបាលដឹកនាំលោក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា កាលពីអំឡុងដើមខែមេសានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចបញ្ជូននាវាដឹកយន្តហោះចម្បាំង USS Carl Vinson អមដំណើរឲ្យនាវាចម្បាំងប៉ុន្មានគ្រឿងទៀតភ្លាមៗ ដើម្បីទៅបង្ហាញសាច់ដុំដាក់កូរ៉េខាងជើង ក៏ប៉ុន្តែតាមពិតនៅចំពេលដែលស្ថានការណ៍រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានកើតឡើងយ៉ាងក្តៅគគុកនោះ ក្រុមនាវាយោធានេះបែរជាបានធ្វើដំណើរឆ្ពោះទៅកាន់អូស្រ្តាលីដើម្បីចូលរួមសមយុទ្ធទៅវិញ ហើយទើបតែនាពេលថ្មីៗបានបកទៅរកឧបទ្វីបកូរ៉េតាមការគ្រោងទុក៕