(ស៊ីដនី)៖ អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានថ្លែងនៅសៅរ៍នេះថា ទីក្រុងវ៉ាស៊ីនតោននឹងនៅតែបន្តគោរពតាមកិច្ចព្រមព្រៀងជនភៀសខ្លួនដ៏ចម្រូងចម្រាសជាមួយប្រទេសអូស្រ្តាលី ដែលជាកិច្ចព្រមព្រៀងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានចាត់ទុកថា ជារឿងដ៏ល្ងីល្ងើមួយនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី Malcolm Turnbull នាឯទីក្រុងស៊ីដនី លោក Mike Pence បានឲ្យដឹងថា យ៉ាងណាមិញកិច្ចព្រមព្រៀងនេះអាចនឹងត្រូវលើកយកមកធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ឡើងវិញ ហើយការដែលអាមេរិកនៅបន្តគោរពកិច្ចព្រមព្រៀងគ្នានេះ ពុំមានមានន័យថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កោតសរសើរ ឬស្ញប់ស្ញែងវានោះឡើយ។
គួរបញ្ជាក់ថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោយពេលបានស្បថឡើងកាន់តំណែងជាផ្លូវការ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានផ្ទុះពាក្យសម្តីយ៉ាងខ្លាំងក្លាតាមប្រព័ន្ធទូរស័ព្ទជាមួយលោក Malcolm Turnbull ជុំវិញកិច្ចព្រមព្រៀងខាងលើនេះ ដែលតម្រូវឲ្យទីក្រុងវ៉ាស៊ីនតោនអនុញ្ញាតឲ្យជនភៀសខ្លួនប្រមាណ ១,២៥០នាក់តាំងទីលំនៅលើកទឹកដីអាមេរិក។
គួរជំរាបបន្ថែមថា លោក Mike Pence បានធ្វើដំណើរទៅដល់ទឹកដីនៃប្រទេសអូស្ត្រាលីកាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះ ដែលជាគោលដៅចុងក្រោយ នៃការបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃរបស់លោក នៅអាស៊ីបន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង ជប៉ុន និងឥណ្ឌូណេស៊ី៕