(បរទេស)៖ ពិភពលោកកំពុងតែរៀបចំប្រារព្ធនូវទិវាភពផែនដី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ ដែលជាពេលវេលានៃភាពក្តៅគគុកបំផុត នៃបរិយាកាសផែនដីក្នុងមួយឆ្នាំៗ។ ការប្រែប្រួលនៃភពផែនដីនេះ ក៏ព្រោះតែកក្តាមនុស្សបង្កឡើងជាចម្បង ដូចជាការកាប់បំផ្លាញព្រៃឈើ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបញ្ចេញសារធាតុពុលជាច្រើនទៀតទៅក្នុងបរិយាកាសរបស់ភពដ៏កម្សត់នេះ។
ផែនដីមានអាយុកាល ៤.៦ពាន់លានឆ្នាំមកហើយ ប៉ុន្តែវត្តមានរបស់មនុស្សទើបតែកើតមានប្រមាណជាង ១លានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ប៉ុន្តែវត្តមានរបស់មនុស្សដ៏ឆ្លាតវាងវៃនេះ មិនបាននាំឲ្យផែនដីយើងរក្សាបាននូវតុល្យភាពយូរអង្វែងតទៅទៀតនោះឡើយ។
នាឱកាសនេះក្រុមហ៊ុនក៏ដូចជាគេហទំព័រ Google បានបង្កើត Doodle (ផ្ទាំងព្រឹត្តិការណ៍រូបភាពពិសេស) អំពីទិវានេះ ដើម្បីធ្វើសារក្រើនរំលឹកដ៏សំខាន់មួយ ស្តីអំពីបម្រែបម្រួលអាកាសធាតុ ស្របពេលដែលក្រុមអ្នកវិទ្យាសាស្រ្ត និងមនុស្សជាច្រើនផ្សេងទៀត បានត្រៀមខ្លួនដើម្បីចូលរួមដង្ហែរក្បួន «March for Science» នាថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Time នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧។
តាមរយៈផ្ទាំងរូបភាពប្រមាណជាង១០សន្លឹក Google Doodle បាននិទានពីដំណើររឿងមួយនៃសត្វកញ្រ្ចោងកំពុងដេកលង់លក់មួយក្បាល ដែលកំពុងយល់សុបិន្តអាក្រក់អំពីលទ្ធផលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ រួមមានដូចជាការរំលាយនៃផ្ទាំងទឹកកក Iceberg និងការបំផ្លិញបំផ្លាញជីវិតសត្វ និងរុក្ខជាតិជាដើម។ បន្ទាប់ពីបានមើលឃើញលទ្ធផលដ៏អាក្រក់ៗទាំងនេះ សត្វកញ្ច្រោងនេះក៏បានសម្រេចចិត្តជ្រើសរើសយកបន្លែធ្វើជាអាហារ ដាំដុះរុក្ខជាតិយ៉ាងច្រើន ជិះកង់ដែលមិនបញ្ចេញផ្សែងពុល និងប្រើប្រាស់ថាមពលព្រះអាទិត្យ។
ជាចុងក្រោយ Google ក៏បានផ្តល់ដំបូន្មានខ្លះៗសម្រាប់ «ទិវាភពផែនដី» ផងដែរ តាមការក្រើនរំលឹកមនុស្សយើងគ្រប់គ្នា ឲ្យសន្ចំសំចៃក្នុងការប្រើប្រាស់អគ្គិសនី ដាំដើមឈើឲ្យបានច្រើន ជៀសវាងការប្រើប្រាស់យានជំនិះដែលបញ្ចេញផ្សែងពុល និងញ៉ាំអាហារដែលផលិតដោយខ្លួនឯងជាពិសេសបន្លែ និងផ្លែឈើ៕