(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ អះអាងថា សេចក្តីរាយការណ៍ព័ត៌មាននាពេលថ្មីៗនេះ ដែលថាមានមនុស្សដល់ទៅជិត១០,០០០នាក់ បានបាត់បង់ជីវិតក្រៅប្រព័ន្ធតុលាការ នៅក្នុងអំឡុងការធ្វើយុទ្ធនាការបង្រ្កាបគ្រឿងញៀនដ៏បង្ហូរឈាម ដែលដឹកនាំដោយរូបលោកផ្ទាល់នោះ គឺមិនមែនជាការពិតនោះឡើយ។ នេះបើតាមសម្តីរបស់លោក Ernesto Abella អ្នកនាំពាក្យប្រធានាធិបតីនៃប្រទេសហ្វីលីពីន ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧។
លោក Ernesto Abella បានថ្លែងបញ្ជាក់បន្ថែមថា ស្ថិតិរបស់ប៉ូលិសហ្វីលីពីនបានបង្ហាញថា មានតែមនុស្សតិចជាង១,៤០០នាក់ប៉ុណ្ណោះ ដែលត្រូវបានបាញ់សម្លាប់នៅក្នុងរាល់ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន ដែលវាផ្ទុយស្រឡះយ៉ាងឆ្ងាយអំពីសេចក្តីរាយការណ៍បំប៉ោងក៏ដូចជាបំភ្លៃព័ត៌មាន ដែលថា មានជនរងគ្រោះដល់ទៅ ៩,០០០នាក់បានស្លាប់នៅក្រៅប្រព័ន្ធតុលាការ។
គួរបញ្ជាក់ថា លោក ឌូតឺតេ ដែលជាអតីតអភិបាលក្រុមដាវ៉ៅជាមួយកេរ្តិ៍ឈ្មោះខាងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនោះ បានស្បថឡើងកាន់តំណែងជាមេដឹកនាំនៃប្រទេសអាស៊ានមួយនេះ កាលពីខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ ដោយសន្យាថា នឹងតាមបង្រ្កាបក៏ដូចជាបោសសម្អាតឲ្យអស់នូវថ្នាំញៀន និងបទល្មើសគ្រឿងញៀនពីហ្វីលីពីន។ ក៏ប៉ុន្តែសកម្មភាពហិង្សាដូចជាការបាញ់សម្លាប់មនុស្ស ដែលត្រូវបានអនុវត្តន៍ដើម្បីរឹតបន្តឹងយុទ្ធនាការកណ្តាប់ដៃដែករបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ជារឿយៗបានទទួលរងការរិះគន់ជាខ្លាំងទាំងក្នុងប្រទេស និងអន្តរជាតិ៕