(ប៉េកាំង)៖ បន្ទាប់ពីស្ថានីយ៍ទូរទស្សន៍អាមេរិក CNN បានធ្វើសេចក្តីរាយការណ៍ថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាឲ្យកងយន្តហោះចម្បាំង រួមទាំងទម្លាក់គ្រាប់បែក-មីស៊ីល ត្រៀមប្រុងជើងការក្នុងកម្រិតដ៏ខ្ពស់បំផុត នៅចំពោះមុខភាពតានតឹងជុំវិញបញ្ហាកូរ៉េខាងជើងនោះ នាថ្ងៃដដែលនេះក្រសួងការពារជាតិចិន បានចេញមុខច្រានចោលភ្លាមៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។
យោធាចិនបានបញ្ជាក់តាមសារព័ត៌មានរដ្ឋយ៉ាងដូច្នេះថា ការចល័តទ័ព និងសកម្មភាពយោធាផ្សេងទៀតនៅតំបន់ព្រំដែនចិន និងកូរ៉េខាងជើងនោះគឺជារឿងធម្មតា ដែលយោធាតែងតែរៀបចំការបង្វឹក និងត្រៀមលក្ខណៈនានា ទៅតាមអ្វីដែលខ្លួនធ្លាប់ធ្វើតែប៉ុណ្ណោះ។
គួររំលឹកថា ក្រសួងការពារជាតិអាមេរិកបានប្រាប់ CNN នៅថ្ងៃសុក្រថា កងទ័ពអាកាសជួរមុខ អមដោយយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក-មីស៊ីលរបស់ប្រទេសចិន ត្រូវបានទទួលបានបញ្ជាឲ្យស្ថិតនៅក្នុងការប្រុងជើងការកម្រិតខ្ពស់បំផុត ខណៈដែលសហរដ្ឋអាមេរិកមើលឃើញថា ចិនកំពុងត្រៀមខ្លួនឆ្លើយតបនឹងស្ថានការណ៍នៅកូរ៉េខាងជើង ក្នុងករណីមានការផ្ទុះសង្គ្រាមឡើង។
មន្ត្រីខាងលើនេះបានបញ្ជាក់បន្ថែមទៀតថា អាមេរិកក៏បានឃើញនូវយន្តហោះចម្បាំងចិនជាច្រើនគ្រឿងមិនធ្លាប់មាន ដែលត្រូវបានទីក្រុងប៉េកាំងចេញបញ្ជាឲ្យស្ថិតនៅក្នុងការប្រុងជើងការកម្រិតខ្ពស់ និងត្រៀមលក្ខណៈឲ្យបានរួចរាល់តែម្តង នៅក្នុងការបំពេញប្រតិបត្តិការបន្ទាន់។ ក្រសួងការពារជាតិអាមេរិកបានហៅសកម្មភាពរបស់ចិននោះថា «ជាការត្រៀមខ្លួនរួចរាល់ឲ្យបានលឿន» នៅក្នុងការឆ្លើយតបក្នុងករណីមានហេតុការណ៍បន្ទាន់ណាមួយកើតឡើងនៅកូរ៉េខាងជើង។
បន្ថែមពីនេះសហរដ្ឋអាមេរិកបានធ្វើការព្រមានផងដែរថា ការរៀបចំបង្ហាញសាច់ដុំរបស់ចិននេះ គឺជាហានិភ័យមួយនៅក្នុងករណីមានការផ្ទុះឡើង នូវជម្លោះប្រដាប់អាវុធក្នុងតំបន់ឧបទ្វីបកូរ៉េ ប្រសិនបើមានការបង្កហេតុណាមួយដោយកូរ៉េខាងជើង ដូចជាការបាញ់មីស៊ីលសាកល្បងនោះ។
រហូតមកដល់ពេលនេះ កូរ៉េខាងជើង និងអាមេរិក នៅតែស្ថិតក្នុងសង្គ្រាមពាក្យសម្តីនៅឡើយ តាមរយៈព័ត៌មាននានាដែល បានចេញផ្សាយដូចជា «អាមេរិកត្រៀមខ្លួនរួចរាល់ដើម្បីទប់នឹងកូរ៉េខាងជើង» ហើយ «កូរ៉េខាងជើងក៏ព្រមានកម្ទេចអាមេរិក និងសម្ព័ន្ធមិត្តឲ្យទៅជាផេះផង់ផងដែរ ក្នុងករណីដែលមានសង្គ្រាមផ្ទុះឡើងនៅឧបទ្វីបកូរ៉េនោះ»។
មិនត្រឹមតែប្រទេសចិន ដែលជាសម្ព័ន្ធមិត្តនឹងកូរ៉េខាងជើងនោះទេ សូម្បីរុស្ស៊ីក៏មានសេចក្តីរាយការណ៍ត្រូវបានចេញផ្សាយផងដែរថា បានធ្វើការដាក់ពង្រាយទ័ព និងសព្វាវុធនៅតែក្បែរព្រំដែនកូរ៉េខាងជើងរួចជាស្រេច ប៉ុន្តែទីក្រុងម៉ូស្គូបានអះអាងថាវាស្ថិតនៅក្នុងន័យការពារសន្តិសុខ ក្នុងករណីមានជនភៀសខ្លួនកូរ៉េខាងជើងហូរចូលក្នុងដែនរុស្ស៊ីក្នុងករណីមានសង្គ្រាមផ្ទុះឡើងប៉ុណ្ណោះ៕