(ហាណូយ)៖ ទីបំផុតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចអញ្ចើញនាយករដ្ឋមន្រ្តីវៀតណាម ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឯសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧។
យោងតាមសេចក្តីប្រកាសព័ត៌មាន នៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលនៃប្រទេសវៀតណាម ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក H.R. McMaster បាននាំយកលិខិតអញ្ចើញមួយច្បាប់ពីលោក ដូណាល់ ត្រាំ ទៅឲ្យឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh ដែលខណៈពេលនេះកំពុងតែបំពេញទស្សនកិច្ចនៅឯសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ប្រទេសវៀតណាមបានបង្កើនចំណងទាក់ទងយ៉ាងល្អជាមួយសហរដ្ឋអាមេរិក កាលពីអំឡុងរដ្ឋបាលដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានបង្ហាញពីបំណងប្រាថ្នារៀងៗខ្លួន ក្នុងការលើកស្ទួយទំនាក់ទំនងក៏ដូចជាពង្រឹងចំណងមិត្តភាពរបស់ពួកគេ ចាប់តាំងតែពីការទទួលជ័យជម្នះរបស់លោក ត្រាំ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៦មកម៉្លេះ។
គួរជំរាបទៀតថា កាលពីខែមីនាកន្លងទៅនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏ធ្លាប់បានអះអាងដែរថា រូបលោកបានត្រៀមខ្លួនជាស្រេច ក្នុងការទៅបំពេញទស្សនកិច្ចនៅឯសហរដ្ឋអាមេរិក ដើម្បីធ្វើការលើកកម្ពស់ចំណងទាក់ទងរវាងប្រទេសទាំងពីរ។ រីឯលោក ដូណាល់ ត្រាំ វិញនឹងអញ្ចើញមកចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក នៅប្រទេសវៀតណាម នាខែវិច្ឆិកាខាងមុខនេះ៕