(ដាម៉ាស់)៖ ទីបំផុតប្រធានាធិបតីស៊ីរីលោក បាស្សា អាល់ អាស្សាដ បានសម្រេចចិត្តធ្វើការពន្យល់បកស្រាយអំពីមូលហេតុ ដែលមនុស្សមួយចំនួនប្រហែលជាមានការងឿងឆ្ងល់ថា តើហេតុអ្វីបានជាប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសលោក មិនបានបាញ់ទម្លាក់មីស៊ីលដល់ទៅជិត ៦០គ្រាប់របស់សហរដ្ឋអាមេរិក ដែលបានវាយប្រហារយ៉ាងចាស់ដៃ មកលើមូលដ្ឋានទ័ពអាកាសស៊ីរី កាលពីអំឡុងដើមខែមេសាបែបនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧។
ថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានខាងលើលោក អាល់ អាស្សាដ បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាស របស់រដ្ឋាភិបាលស៊ីរីជាង៥០ភាគរយ ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរគ្មានសល់ដោយសារតែក្រុមភេរវករ។ លោកប្រធានាធិបតីស៊ីរី បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនចាំបាច់ផ្តល់តួលេខឲ្យប្រាកដជាក់លាក់ នៃប្រព័ន្ធការពារដែនអាកាសដែលខូចខាតឡើយ ដូចដែលអ្នកបានដឹងហើយថាវាគឺជាព័ត៌មានលាក់ការណ៍របស់កម្លាំងយោធា ក៏ប៉ុន្តែខ្ញុំអាចប្រាប់ទៅកាន់អ្នកបានថា គឺមិនតិចជាង ៥០ភាគរយនោះទេ»។
មូលហេតុមួយផ្សេងទៀតនោះ គឺដោយសារតែសមត្ថភាពរបស់មីស៊ីលប្រភេទជា Cruise Missile របស់សហរដ្ឋអាមេរិក និងសណ្ឋានដីរបស់ប្រទេសស៊ីរីផ្ទាល់ ដោយលោក បាស្សា អាល់ អាស្សាដ បានបកស្រាយថា «បើតាមបច្ចេកទេសវារៀងស្មុគស្មាញបន្តិច ពីព្រោះថា ដើម្បីបាញ់ទម្លាក់គ្រាប់មីស៊ីល ប្រព័ន្ធការពារដែនអាកាសត្រូវតែមើលឃើញពួកវាជាមុនសិន ហើយដើម្បីមើលឃើញយើងតម្រូវឲ្យមានរ៉ាដា ដែលអាចឃ្លាំមើលគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងមូល ដែលជារឿងមិនអាចទៅរួចឡើយដោយសារតែ ចំនួនប្រព័ន្ធការពារដែនអាកាសក៏នៅសល់តិចតួច។ ម៉្យាងវិញទៀតដោយសារស្ថានភាពសណ្ឋានដីនៅស៊ីរី ប្រភេទ Cruise Missile បានប្រើប្រាស់កត្តាគុណវិបត្តិនេះដើម្បីលាក់ខ្លួនពួកវាពីប្រព័ន្ធរ៉ាដា»។
នាឱកាសនោះមេដឹកនាំស៊ីរីរូបនេះ ក៏បានលើកឡើងអំពីការជួយទំនុកបម្រុងប្រព័ន្ធការពារដែនអាកាស ពីសំណាក់ប្រទេសរុស្ស៊ី ជំនួសឲ្យការបាត់បង់នៃប្រព័ន្ធរបស់ខ្លួនផងដែរ ប៉ុន្តែអះអាងថា វាមិនគ្រប់គ្រាន់ឡើយ ដើម្បីមើលការពារប្រទេសមួយទាំងមូលនោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមេសា សហរដ្ឋអាមេរិកបានបើកការវាយប្រហារដោយមីស៊ីល Tomahawk ចំនួន៥៩គ្រាប់ ទៅលើមូលដ្ឋានកងទ័ពជើងអាកាសរបស់រដ្ឋាភិបាលស៊ីរី ដែលស្ថិតនៅក្នុងភូមិ Shayrat នៃខេត្ត Hama ដែលស្ថិតនៅប្រមាណ ៤០គីឡូម៉ែត្រពីទីក្រុង Homs ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា គឺជាការឆ្លើយតបចំពោះការប្រើប្រាស់អាវុធគីមីប្រឆាំងនឹងប្រជាជនខ្លួនឯង របស់កងយន្តហោះចម្បាំងនៃរដ្ឋាភិបាលលោក អាល់ អាស្សាដ ដែលបានឆក់យកអាយុជីវិតមនុស្សយ៉ាងតិច៨០នាក់ និងរបួសជាង២០០នាក់ នៅក្នុងខេត្ត Idlib ភាគពាយ័ព្យប្រទេសស៊ីរី៕