(សេអ៊ូល)៖ កូរ៉េខាងត្បូងបាន និងកំពុងតែស្ថិតនៅក្នុងសភាពប្រុងជើងការកម្រិតខ្ពស់ នៅមុនថ្ងៃរំលឹកខួបដ៏សំខាន់មួយផ្សេងទៀតនៅកូរ៉េខាងជើង ជាមួយការដំឡើងសាច់ដុំសព្វាវុធ ក៏ដូចជាបរិក្ខាយោធាទំនើបៗ នៅក្នុងប្រទេសទាំងពីរ នៅចំពោះមុខក្តីព្រួយបារម្ភអំពីការធ្វើតេស្តអាវុធនុយក្លេអ៊ែរសាជាថ្មីម្តងទៀត របស់របបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។
យោងតាមអ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិ របស់ប្រទេសកូរ៉េខាងត្បូង លោក Lee Duk-Haeng រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នឹងប្រារព្ធពិធីអបអរសាទររំលឹកខួបទី៨៥ឆ្នាំ នៃការបង្កើតកងទ័ពកូរ៉េខាងជើងនៅសប្តាហ៍ក្រោយ ពោលគឺថ្ងៃអង្គារ ទី២៥ ខែមេសា ខាងមុខនេះ។ គ្រប់គ្នាកំពុងរង់ចាំមើល និងព្រួយបារម្ភថា នឹងអាចកើតមានការធ្វើតេស្តមីស៊ីល ឬក៏នុយក្លេអ៊ែរដោយទីក្រុងព្យុងយ៉ាង ដែលនឹងបង្កឲ្យស្ថានការណ៍ កាន់តែអាក្រក់ជាងបច្ចុប្បន្ននេះទៀត។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១៦ ខែមេសា អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានទៅដល់ប្រទេសកូរ៉េខាងត្បូង ក្នុងពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្ត បាញ់មីស៊ីល ប៉ុន្តែបរាជ័យដោយអ្នកជំនាញអះអាងថា គ្រាន់តែកូរ៉េខាងជើងបាញ់ភ្លាម គឺមីស៊ីលបានសំយ៉ុងក្បាលចុះទៅក្នុងសមុទ្រតែម្តង ហើយវាត្រូវបានធ្វើឡើងឡើង មួយថ្ងៃក្រោយនៃការធ្វើព្យុហយាត្រាអបអរខួបកំណើតទី១០៥ឆ្នាំ នៃបិតាស្ថាបនិកកូរ៉េខាងជើង គីម អ៊ីលស៊ុង ដែលអន្តរជាតិមើលឃើញថា ជាទិវាបង្អួតសព្វាវុធថ្មីៗទៅវិញ៕