(បាងកក)៖ នាយកដ្ឋានពន្ធគយថៃនៅថ្ងៃសុក្រនេះ បានសម្រេចចិត្តតម្រូវឱ្យជនឈ្មោះ Nithinon Srithaniyanan បង់ប្រាក់ពិន័យប្រាក់ ២០០,០០០បាត សម្រាប់បទល្មើសប៉ុនប៉ងរត់ពន្ធទឹកកាម (បុរស) ចេញទៅក្រៅប្រទេស។ នេះបើតាមអ្នកនាំពាក្យរងនៃនាយកដ្ឋានពន្ធគយថៃ លោក Kreecha Kirdsriphan ដកស្រង់ដោយសារព័ត៌មាន The Nation នៅរសៀលថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។
យោងតាមលោក Kreecha នាយដ្ឋានពន្ធគយបានជ្រើសរើសយកការពិន័យជាប្រាក់ ជំនួសទោសដាក់ពន្ធនាគារ ១០ឆ្នាំ សម្រាប់ការរត់ពន្ធទឹកកាមរបស់មនុស្ស ត្បិតករណីនេះត្រូវបានសម្របសម្រួលតាមច្បាប់ពន្ធគយ។ ក៏ប៉ុន្តែទន្ទឹមគ្នានេះនាយកដ្ឋាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការកោះហៅ Nithinon ជាថ្មីម្ដងទៀត បើសិនជាមន្ត្រីសុខាភិបាល រកឃើញព័ត៌មានបន្ថែម និងស្វែងរកកិច្ចសហការ។
គួរបញ្ជាក់ថា បុរសអាយុ២៥ឆ្នាំឈ្មោះ Nithinon ត្រូវបានចាប់ខ្លួននៅអំឡុងពេលកំពុងព្យាយាមរត់ពន្ធទឹកកាមឆ្លងកាត់ព្រំដែនថៃ និងឡាវនៅឯប៉ុស្ដន៍ត្រួតពិនិត្យក្នុងខេត្ត Nong Khai៕