(ការ៉ាកាស់)៖ បាតុកម្មទ្រង់ទ្រាយធំដ៏កក្រើកបន្តបន្ទាប់គ្នាឥតស្រាកស្រាន អស់រយៈពេលជាច្រើនសប្តាហ៍ សំដៅប្រឆាំងរដ្ឋាភិបាលប្រទេសវេណាស៊ុយអេឡា និងដើម្បីទាមទារឲ្យប្រធានាធិបតីលោក Nicolas Maduro ចុះចេញពីតំណែងនោះ បានបណ្តាលឲ្យមនុស្សស្លាប់សរុបកើនដល់០៩នាក់ហើយ ព្រមទាំងបានបន្សល់ទុកបាតុករជាង២២០នាក់ផ្សេងទៀត ទទួលរងរបួសយ៉ាងដំណំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។
ជនរងគ្រោះដែលបានបាត់បង់ជីវិតចំនួនបីនាក់បន្ថែមទៀត នៅក្នុងការផ្ទុះបាតុកម្មទ្រង់ទ្រាយធំកាលពីថ្ងៃពុធសប្តាហ៍នេះ រួមមាននារីម្នាក់អាយុ២៣ឆ្នាំ ដែលត្រូវបានគេបាញ់ចំកណ្តាលក្បាលនៅក្នុងរដ្ឋ Tachira ភាគខាងលិចប្រទេស, យុវជនវ័យ១៧ឆ្នាំដែលបានស្លាប់នៅឯរដ្ឋធានីការ៉ាកាស់ ក្នុងអំឡុងការធ្វើបាតុកម្មដែលខ្លួនមិនបានចូលរួមផងដែរ, និងសមាជិកឆ្មាំការពារជាតិវេណេស៊ុយអេឡា ដែលបានបាត់បង់អាយុជីវិត ដោយសារការផ្ទុះអាវុធនៅក្នុងរដ្ឋ Miranda ភាគខាងជើងប្រទេស។ ដោយឡែកមកទល់ថ្ងៃសុក្រនេះមនុស្សប្រមាណ ៣១២នាក់ ក៏ត្រូវបានចាប់ខ្លួន ដោយសារតែការប្រើប្រាស់អំពើហិង្សា។
ជុំវិញបញ្ហានេះប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានថ្លែងឲ្យដឹងថា រូបលោកបានបញ្ជាឲ្យបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនទូរស័ព្ទចល័ត ដ៏ល្បីល្បាញមួយមានឈ្មោះថា Movistar ក្រោមការសង្ស័យថា បានផ្ញើសារញុះញង់ឲ្យប្រជាជននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលឆ្វេងនិយមរបស់លោក។
ស្របពេលដែលប្រទេសវេណេស៊ុយអេឡា បាននិងកំពុងបន្តឆ្លងកាត់ភាពវឹកវរជាបន្តបន្ទាប់គ្នាឥតឈប់ឈរនាពេលថ្មីៗនេះ ជាមួយការធ្វើបាតុកម្មទ្រង់ទ្រាយដ៏ធំសម្បើមថ្មីមួយទៀតរបស់គណបក្សប្រឆាំង នាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ រដ្ឋាភិបាលវេណេស៊ុយអេឡា បានចោទប្រកាន់ថា ក្រុមអ្នកតវ៉ាទាំងឡាយនៅតាមដងផ្លូវនានានោះ សុទ្ធតែជាភេរវករដែលកំពុងរៀបចំគម្រោងការអាក្រក់ ដើម្បីធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី។
ជាមួយគ្នានេះដែរ លោក Nicolas Maduro បានថ្លែងសារដែលត្រូវបានផ្សាយផ្ទាល់តាមកញ្ចប់ទូរទស្សន៍ថា ក្រុមហ៊ុនបណ្តាញទូរគមនាគមន៍ Movistar បានទទួលសំណូកពីក្រុមបក្សប្រឆាំង ឲ្យធ្វើការចែកចាយព័ត៌មានអំពីការធ្វើបាតុកម្មនេះ។ លោកប្រធានាធិបតីបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមថ្កោលទោសចំពោះក្រុមហ៊ុន Movistar និងស្នើឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ដោយពួកគេបានចូលរួមញុះញង់ ឲ្យមានការធ្វើរដ្ឋប្រហារប្រឆាំងនឹងប្រទេសជាតិរបស់ខ្លូន»។
គួរបញ្ជាក់ថា យោងតាមលោក Maduro ក្រុមហ៊ុនទួរស័ព្ទចល័ត Movistar បានផ្ញើសាររាប់លានទៅកាន់អ្នកប្រើប្រាស់ នៃបណ្តាញទំនាក់ទំនងរបស់ខ្លួន ដ៏មានប្រជាប្រិយបំផុតនៅក្នុងប្រទេស ដែលមានតម្លៃដល់ទៅជាង១០០លានដុល្លារសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុនដ៏ល្បីនេះ មិនបានផ្តល់ការឆ្លើយតបភ្លាមៗចំពោះសំណើសុំធ្វើការអធិប្បាយនៅឡើយទេ៕