(ហ្សាការតា)៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence បានជជែកពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo អំពីភាពរាំងស្ទះមួយចំនួននៃបណ្តាក្រុមហ៊ុនអាមេរិក ដែលធ្វើប្រតិបត្តិការនៅក្នុងប្រជាជាតិកំពូលសេដ្ឋកិច្ចប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ហើយលោក Pence ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀម មានតម្លៃដល់ទៅជាង ១០ពាន់លានដុល្លារជាមួយក្រុមហ៊ុនធំៗទាំងអស់នោះផងដែរ មុននឹងបានចាកចេញទៅអូស្ត្រាលី ជាកិច្ចបញ្ចប់នៃដំណើរទស្សនកិច្ចនៅអាស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។
លោក Mike Pence បានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា «ពួកយើងយល់ឃើញថា វាមានឱកាសជាច្រើន សម្រាប់បើកផ្លូវឲ្យក្រុមហ៊ុនអាមេរិក ធ្វើការចូលរួមចំណែកកាន់តែខ្លាំងក្លាជាងមុនថែមទៀត នៅក្នុងប្រទេសឥណ្ឌូណេស៊ី»។ កិច្ចព្រមព្រៀងចំនួន១១ នឹងត្រូវចុះហត្ថលេខាជាមួយបណ្តាក្រុមហ៊ុនរួមមានដូចជា Exxon Mobil, Lockheed Martin, និង General Electric នៅថ្ងៃសុក្រនេះ ដែលជាថ្ងៃចុងក្រោយនៃដំណើរបំពេញទស្សនកិច្ច របស់លោកអនុប្រធានាធិបតីអាមេរិក នៅឥណ្ឌូណេស៊ី មុនពេលលោកបានចាកចេញពីកាន់អូស្រ្តាលីបន្តទៀតនារសៀលថ្ងៃដដែល។
គួរបញ្ជាក់ថា លោក Mike Pence បានធ្វើដំណើរមកដល់រដ្ឋធានីហ្សាការតាកាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ ក្នុងគោលបំណងបង្កើនភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ប៉ុន្តែបញ្ហាវិវាទបន្តិចបន្តួចជាបន្តបន្ទាប់ ដែលឥណ្ឌូណេស៊ីមានជាមួយក្រុមហ៊ុនអាមេរិក បានបង្កជាផលប៉ះពាល់មួយចំនួនដល់ចំណងទាក់ទងនេះ៕