(វ៉ាស៊ីនតោន)៖ អាជ្ញាធរសហរដ្ឋអាមេរិកបានរៀបចំពាក្យបណ្តឹង ក្នុងគោលបំណងសំដៅព្យាយាម ឲ្យមានការចាប់ខ្លួនស្ថាបនិករបស់​គេហ​ទំព័រ WikiLeaks លោក Julian Assange។ នេះបើតាមប្រភពពីមន្រ្តីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីន ដែលត្រូវបានដកស្រង់ដោយស្ថានីយ៍​ទូរ​ទ​ស្សន៍ CNN នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ​ ទី២១ ខែមេសា ឆ្នាំ២០១៧។

គេហទំព័រ WikiLeaks ធ្លាប់បានបញ្ចេញព័ត៌មានសម្ងាត់ៗជាច្រើនរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដោយនាពេលថ្មីៗចុងក្រោយ​នេះ វែបសាយមួយនេះទើបតែបានទម្លាយ កម្រង​ឯកសារសម្ងាត់មួយ​ផ្សេងទៀត​មានឈ្មោះថា «Vault 7» ដែលបកអាក្រាត​អំពីមធ្យោបាយ​​ដ៏ពិសេសៗ​ របស់ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់​អាមេរិក CIA ក្នុងការ Hack ទៅលើប្រព័ន្ធកុំព្យូទ័រ​រួមទាំងឧបករណ៍​ចល័តដទៃៗទៀត​ ​ដូច​ជាទូរស័ព្ទដៃ​ស្មាតហ្វូន​ជាដើម។

ម៉្យាងវិញទៀត​យោងតាមសារព័ត៌មាន CBS News ការស៊ើបអង្កេត និងការតាមស្វែង​​រកចាប់ខ្លួនរួមគ្នា​រវាង ទីភ្នាក់​ងារ​ស៊ើប​ការណ៍​​សម្ងាត់ CIA និងការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI របស់សហរដ្ឋអាមេរិក​ទៅលើប្រភព​ដើម​ ដែល​បានធ្វើឲ្យលេចធ្លាយ​​ចង្កោម​ឯកសារ​​សម្ងាត់ Vault 7 ទៅក្នុងដៃ WikiLeaks កាលពីសប្តាហ៍​មុននោះ​ ក៏បានចាប់ផ្តើម​​ផងដែរ។ FBI និង CIA មានជំនឿ​ជឿជាក់ថា ប្រភពដែល​បាន​ធ្វើឲ្យ​លេចធ្លាយឯកសារ​​សម្ងាត់នេះ គឺស្ថិតនៅក្នុង​ចំណោម​​​ភ្នាក់ងារ​ផ្ទៃក្នុងរាប់រយនាក់ ដែលមាន​សិទ្ធិចេញ-ចូលលើ​ឯកសារនេះ​ផ្ទាល់ ពុំមែន​ជាក្រុម Hacker ពីខាងក្រៅ​នោះឡើយ។

គួរបញ្ជាក់ថា លោក Julian Assange ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកដំបូងបំផុតរបស់គេហទំព័រ WikiLeaks ត្រូវ​បាន​គេ​ចាត់​ទុក​ជា ​បិតាស្ថាបនិក គេហទំព័រមួយនេះ។ អង្គការ Wikileaks.org នេះ ត្រូវបានចុះបញ្ជីឈ្មោះ​ក្នុងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០៦។ គេហ​ទំព័រ​នេះបានចេញផ្សាយនូវ​ឯកសាររបស់ខ្លួនជាលើក​ដំបូងក្នុងខែធ្នូ ឆ្នាំ២០០៦។ លោក Julian Assange ត្រូវបានគេ​ចាត់ទុកថា «ជាបេះដូង ជាដួងព្រលឹង ជាស្ថាបនិក ជាទស្សនវិទូ ជាអ្នកនាំពាក្យ ជាអ្នករៀបចំកូដសម្ងាត់ ជាអ្នករៀបចំ ជាអ្នកឧបត្ថមប្រាក់ និងអ្វីៗផ្សេងៗ ជាច្រើនទៀត»។ មានមនុស្សជាច្រើនមានការយល់ច្រឡំថា WikiLeaks និង Wikipedia ថា ជាស្ថាប័នដែលមាន​ទំនាក់ទំនងនឹងគ្នា តែវាមិនមែនជាការពិតឡើយ។ គិតត្រឹមខែមិថុនា ឆ្នាំ២០០៩ គេហទំព័រលំដាប់ពិភពលោកនេះ មានមនុស្សរហូតដល់១,២០០នាក់ ចុះឈ្មោះធ្វើការដោយស្ម័គ្រចិត្ត៕

\