(ស៊ីរី)៖ រដ្ឋាភិបាលស៊ីរីបានស្នើសុំដល់អង្គការសហប្រជាជាតិ UN ឱ្យបញ្ជូនក្រុមអ្នកជំនាញ ដើម្បីស៊ើបអង្កេតជុំវិញ ការចោទប្រកាន់ទាក់ទិននឹងការវាយប្រហារដោយអាវុធគីមី នៅក្នុងខេត្ត Idlib ក៏ប៉ុន្តែសំណើនេះ មិនមានការឆ្លើយតបនោះទេ ដោយសារតែមានសម្ពាធពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចមួយចំនួន។ នេះបើតាមសេចក្តីថ្លែងការណ៍នៃប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។
ជុំវិញការវាយប្រហារដោយអាវុធគីមីនេះដែរ អង្គការសម្រាប់ការហាមឃាត់អាវុធគីមី OPCW បានបញ្ជាក់ នៅក្នុងរបាយការណ៍បឋមរបស់ខ្លួនថា ពិតជាមានការប្រើប្រាស់អាវុធគីមីនៅទីក្រុង Khan Shaykhun នៃខេត្ត Idlib ប្រាកដមែន ហើយសូម្បីតែទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បារាំង ក៏បានអះអាងដែរថា ខ្លួននឹងបង្ហាញភស្ដុតាងក្នុងពេលឆាប់ៗនេះ។
ដោយឡែកថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik បុរសខ្លាំងស៊ីរី លោក បាហ្សា អាល់ អាស្សាដ បានលើកឡើង ដូច្នេះថា «យើងបានផ្ញើលិខិតជាផ្លូវការទៅកាន់ UN ដោយស្នើឱ្យបញ្ជូនក្រុមអ្នកជំនាញមកស៊ើបអង្កេត អ្វីដែលកើតឡើងនៅក្នុងទីក្រុង Khan Shaykhun។ ប៉ុន្តែរហូតមកទល់ពេលនេះ ពួកគេមិនបានឆ្លើយតបនឹងសំណើរបស់យើងនោះទេ ពីព្រោះមានអាមេរិក និងពួកលោកខាងលិចកាងនៅពីក្រោយ ចាំរាំងខ្ទប់ការបញ្ជូនក្រុមអ្នកស៊ើបអង្កេត»។
គួរបញ្ជាក់ថា បើតាមលោក អាស្សាដ សហរដ្ឋអាមេរិកមិនចង់ឱ្យមានការស៊ើបអង្កេតឡើយ ត្បិតបើក្រុមអ្នកជំនាញមកដល់ខេត្ត Idlib នោះពួកគេនឹងរកឃើញនូវអ្វីដែលទីក្រុងវ៉ាស៊ីនតោន បានប្រឌិតឡើងនៅក្នុងទីក្រុង Khan Shaykhun ព្រមទាំងការវាយប្រហារ ដោយគ្រាប់មីស៊ីលមកលើមូលដ្ឋានទ័ព Shayrat។ ការវាយប្រហារដោយអាវុធគីមីកាលពីថ្ងៃទី០៤ ខែមេសា បានផ្ដាច់យកអាយុជីវិតមនុស្ស ៨៧នាក់ ក្នុងនោះជាង ២០នាក់ជាកុមារ រីឯទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តលោកខាងលិច បានចង្អុលមុខ លោក អាស្សាដ ថាអ្នកទទួលខុសត្រូវចំពោះសោកនាដកម្មនេះ៕