(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro បានថ្លែងឲ្យដឹងថា រូបលោកបានបញ្ជាឲ្យបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនទូរស័ព្ទចល័តមួយមានឈ្មោះថា Movistar ក្រោមការសង្ស័យថា បានផ្ញើសារញុះញង់ឲ្យប្រជាជននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលឆ្វេងនិយមរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។
ស្របពេលដែលប្រទេសវេណេស៊ុយអេឡា បាននិងកំពុងបន្តឆ្លងកាត់ភាពវឹកវរជាបន្តបន្ទាប់គ្នាឥតឈប់ឈរនាពេលថ្មីៗនេះ ជាមួយការធ្វើបាតុកម្មទ្រង់ទ្រាយដ៏ធំសម្បើមថ្មីមួយទៀតរបស់គណបក្សប្រឆាំង នាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ រដ្ឋាភិបាលវេណេស៊ុយអេឡា បានចោទប្រកាន់ថា ក្រុមអ្នកតវ៉ាទាំងឡាយនៅតាមដងផ្លូវនានានោះ សុទ្ធតែជាភេរវករដែលកំពុងរៀបចំគម្រោងការអាក្រក់ ដើម្បីធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី។
ជាមួយគ្នានេះដែរ លោក Nicolas Maduro បានថ្លែងសារដែលត្រូវបានផ្សាយផ្ទាល់តាមកញ្ចប់ទូរទស្សន៍ថា ក្រុមហ៊ុនបណ្តាញទូរគមនាគមន៍ Movistar បានទទួលសំណូកពីក្រុមបក្សប្រឆាំង ឲ្យធ្វើការចែកចាយព័ត៌មានអំពីការធ្វើបាតុកម្មនេះ។ លោកប្រធានាធិបតីបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមថ្កោលទោសចំពោះក្រុមហ៊ុន Movistar និងស្នើឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ដោយពួកគេបានចូលរួមញុះញង់ ឲ្យមានការធ្វើរដ្ឋប្រហារប្រឆាំងនឹងប្រទេសជាតិរបស់ខ្លូន»។
គួរបញ្ជាក់ថា យោងតាមលោក Maduro ក្រុមហ៊ុនទួរស័ព្ទចល័ត Movistar បានផ្ញើសាររាប់លានទៅកាន់អ្នកប្រើប្រាស់ នៃបណ្តាញទំនាក់ទំនងរបស់ខ្លួន ដ៏មានប្រជាប្រិយបំផុតនៅក្នុងប្រទេស ដែលមានតម្លៃដល់ទៅជាង១០០លានដុល្លារសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុនដ៏ល្បីនេះ មិនបានផ្តល់ការឆ្លើយតបភ្លាមៗចំពោះសំណើសុំធ្វើការអធិប្បាយនៅឡើយទេ។
គួររំលឹកទៀតថា មនុស្សពីរនាក់បានបាត់បង់ជីវិតដោយសារតែការធ្វើបាតុកម្មដ៏ធំសម្បើមថ្មីទៀត ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសវេណេស៊ុយអេឡា ដោយក្រុមអ្នកតវ៉ាបានធ្វើការទាមទារឲ្យប្រធានាធិបតី លោក Nicolas Maduro ចុះចេញពីតំណែងនៅចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ របស់ប្រទេសអាមេរិកឡាទីនមួយនេះ។
ការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំជាច្រើនកន្លែង ត្រូវបានធ្វើឡើងនៅទូទាំងរដ្ឋធានីការ៉ាកាស់ រួមទាំងទីក្រុងធំៗដទៃៗទៀតសាជាថ្មី បន្ទាប់ពីការធ្វើបាតុកម្មហិង្សាអស់រយៈពេលជាច្រើនសប្តាហ៍កាលពីលើកមុន ដែលបានបណ្តាលឲ្យមនុស្សចំនួន០៦នាក់ស្លាប់ និងបង្កឲ្យមានជាការប៉ះទង្គិចគ្នាជាច្រើនលើកច្រើនសារ រវាងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងកងកម្លាំងរក្សាសន្តិសុខ។ សរុបចំនួនមនុស្សស្លាប់ក្នុងបាតុកម្មទ្រង់ទ្រាយធំទាំងពីរលើកនេះ មានចំនួន ០៨នាក់ហើយ៕