(ប៉ារីស)៖ ក្រុម ISIS បានចេញមុខអះអាងថា ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់ប៉ូលិសម្នាក់ និងបង្កឱ្យមនុស្សពីរនាក់ផ្សេងទៀត រងរបួសកាលពីយប់ថ្ងៃព្រហស្បតិ៍ នៅឯតំបន់ផ្លូវ Champs Elysees ក្នុងទីក្រុងប៉ារីស ក្បែរវិមានទូអ៊ែហ្វែល គឺជាក្រុមអ្នកប្រយុទ្ធរបស់ខ្លួន ហើយដែលការវាយប្រហារនេះទៀតសោត កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទី០១ កាន់ខិតជិតចូលមកដល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនឈ្មោះ Amaq ក្រុម ISIS បានបញ្ជាក់ដូច្នេះថា «ខ្មាន់កាំភ្លើងដែលបានបើកការបាញ់ប្រហារ នៅឯមហាវិថី Champs Elysees ស្ថិតនៅកណ្ដាលទីក្រុងប៉ារីស មានឈ្មោះថា Abu Yussef ជាពលរដ្ឋប៊ែលហ្សិក និងជាអ្នកប្រយុទ្ធម្នាក់នៃក្រុម ISIS»។ ដោយឡែកបើតាមប៉ូលិសបារំាង ខ្មាន់កាំភ្លើងរូបនេះបានប្រើប្រាស់កំាភ្លើងស្វ័យប្រវត្តិ បាញ់រះទៅលើរថយន្ដប៉ូលិសមួយគ្រឿងនៅឯ Champs Elysees នៅម៉ោងប្រមាណជា ៩៖០០នាទីយប់ (ម៉ោងនៅក្នុងទីក្រុងប៉ារីស) ដោយបណ្ដាលឱ្យប៉ូលិសម្នាក់ស្លាប់ និងមនុស្ស០២នាក់ទៀតរងរបួស។ ក៏ប៉ុន្តែទន្ទឹមគ្នាខ្មាន់កំាភ្លើង ក៏ត្រូវបានប៉ូលិស បាញ់សម្លាប់ផងដែរ នៅពេលកំពុងព្យាយាមរត់គេចខ្លួន។
គួរបញ្ជាក់ថា ការបាញ់ប្រហារខាងលើកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទី០១ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែមេសាសប្ដាហ៍នេះ ហើយបើគិតចាប់តាំងពីឆ្នាំ២០១៥មក មនុស្ស២៣០នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងវាយប្រហារភេរវកម្ម ក្នុងប្រទេសបារាំង៕