(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង។ ចង់ដឹងថាតើព្រឹត្តិការណ៍រូបភាព ប្រចាំថ្ងៃនេះមានអ្វីខ្លះសូមទស្សនាដូចខាងក្រោម៖
១៖ រលកកម្តៅ បាននិងកំពុង វាយលុកនៅក្នុងប្រទេសឥណ្ឌា ដោយនៅតំបន់ខ្លះនៃប្រទេសនេះ សីតុណ្ហភាពបានកើនឡើងដល់ទៅ ៤៥អង្សាសេ ឯណោះ ដោយបង្កឱ្យមនុស្សយ៉ាងតិចចំនួន៣៧នាក់ បានបាត់បង់ជីវិតនៅក្នុងរដ្ឋ Telangana ភាគខាងត្បូងបើគិតចាប់ តាំងពីដើមខែមេសា នេះមក។ កាលពីឆ្នាំ ២០១៦ ប្រជាជនឥណ្ឌាជិត៥០០នាក់ បានបាត់បង់ជីវិត ដោយសារតែការកើនឡើងកម្តៅ ដល់ទៅ៥១អង្សាសេ រីឯមនុស្សមិនតិចជាង២,៥០០នាក់ នោះឡើយ បានស្លាប់កាលពីរដូវក្តៅ ក្នុងឆ្នាំ២០១៥៕
២៖ ប្រមុខការទូតអឺរ៉ុប លោកស្រី Federica Mogherini បាននិយាយថាចក្រភពអង់គ្លេសនឹងខាតបង់ប្រយោជន៍ច្រើនជាង សហភាពអឺរ៉ុប (EU) ដោយសារ តែការសម្រេចចិត្តដើរចេញពីសហភាពអឺរ៉ុប (Brexit) ខណៈអង់គ្លេស ត្រូវចំណាយពេលយ៉ាងតិច០២ឆ្នាំ ដើម្បីលែងលះឱ្យដាច់ស្រេច ក៏ដូចជាស្វែងរក កិច្ចព្រមព្រៀងនានា ឲ្យបានមុននឹង Brexit ចូលជាធរមាននៅខែមីនា ឆ្នាំ២០១៩៕
៣៖ មិនអាចធ្វើអ្វីបានក្រៅតែពីការព្រមាន កូរ៉េខាងជើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន បានប្រាប់ទីក្រុងវ៉ាស៊ីនតោនថា «កុំមករញ៉េរញៃជាមួយនឹង ពួកយើង» បើពុំដូច្នោះ នឹងបានភ្លក្សការវាយប្រហារដ៏ខ្លំាងខ្លាបំផុត ដោយការធ្វើសង្រ្គាមនុយក្លេអ៊ែរ តាមដែលអាមេរិកចង់បាន៕
៤៖ អង្គការសម្រាប់ការហាមឃាត់អាវុធគីមី OPCW បានអះអាងថា ផ្អែកលើលទ្ធផលវិភាគមិនអាចប្រកែក ឧស្ម័នគីមីសារីន (Sarin) ឬក៏សារធាតុគីមីប្រហាក់ហែល ពិតជាត្រូវបានគេប្រើប្រាស់នៅក្នុងការវាយប្រហារដោយអាវុធគីមីនៅស៊ីរី កាលពីដើមខែមេសាកន្លងទៅ ប្រាកដមែន ដែលបានបណ្តាល ឲ្យមនុស្ស៨៧នាក់ស្លាប់ ក្នុងនោះមានក្មេងៗមិនដឹងអ្វីសោះចំនួនជាង ២០នាក់៕
៥៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានចោទប្រកាន់ថា អ៊ីរ៉ង់កំពុងប្រកាន់អាកប្បកិរិយា ដូចកូរ៉េខាងជើង ដោយធ្វើសកម្មភាពបង្ករឿងតាម រយៈការបង្កអស្ថេរភាព នៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏ដូចជាបំផ្លាញផលប្រយោជន៍អាមេរិក នៅប្រទេសស៊ីរី យេមែន លីបង់ និងអ៊ីរ៉ាក់ ជាដើម៕
៦៖ កងនាវាចម្បាំងរុស្ស៊ី បានធ្វើដំណើរមកដល់ប្រទេសហ្វីលីពីន ហើយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នា ជាមួយយោធាហ្វីលីពីននៅ ក្នុងក្របខណ្ឌនៃការពង្រឹងចំណងមិត្តភាព ផ្នែកសន្តិសុខរវាងប្រទេសទាំងពីរ ស្របពេលដែល លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេ បានប្ដូរគោលនយោ បាយស្ទើរតែ១៨០ដឺក្រេ ចំពោះសហរដ្ឋអាមេរិក៕