(អ៊ីស្លាម៉ាបាត)៖ តុលាការកំពូលប៉ាគីស្ថាននៅថ្ងៃព្រហស្បតិ៍នេះ បានបង្គាប់ឱ្យមានការស៊ើបអង្កេតបន្ថែម ពាក់ព័ន្ធនឹងការចោទប្រកាន់ពីសំណាក់គណបក្សប្រឆាំងដែលថា លោកនាយករដ្ឋមន្ត្រី Nawaz Sharif បានប្រព្រឹត្តអំពើពុករលួយ ក៏ប៉ុន្តែពួកគេបែរជាមិនមានភស្ដុតាងគ្រប់គ្រាន់ដើម្បីទម្លាក់លោកចេញ ពីតំណែងទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។
គួររំលឹកថា កាលពីឆ្នាំ២០១៦ តុលាការបានបើកការស៊ើបអង្កេតមួយ លើក្រុមហ៊ុននៅឯក្រៅប្រទេសរបស់គ្រួសារ លោក Sharif បន្ទាប់ពីគណបក្សប្រឆាំង គំរាមធ្វើបាតុកម្មតវ៉ានៅតាមដងផ្លូវ។
គណបក្សប្រឆាំងប៉ាគីស្ថានបានចោទប្រកាន់ថា លោក Sharif បានបរាជ័យក្នុងការពន្យល់ពីប្រភពប្រាក់ចំណូល នៅក្នុងក្រុមហ៊ុនលួចលាក់នៅឯក្រៅ ប្រទេសដែលជាកម្មសិទ្ធិកូនរបស់លោក ព្រមទំាងបានកុហុករដ្ឋសភាថែមទៀត។ ក៏ប៉ុន្តែលោក Sharif និងគ្រួសារ បានបដិសេធការចោទប្រកាន់ទំាងនេះ៕