(ម៉ានីល)៖ កងនាវាចម្បាំងរុស្ស៊ី បានធ្វើដំណើរមកដល់ប្រទេសហ្វីលីពីនហើយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយយោធាហ្វីលីពីន នៅក្នុងក្របខណ្ឌនៃការពង្រឹងចំណងមិត្តភាព ផ្នែកសន្តិសុខរវាងប្រទេសទាំងពីរ ស្របពេលដែលលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេ បាន ប្ដូរគោលនយោបាយស្ទើរតែ១៨០ដឺក្រេ ចំពោះសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។
យោងតាមមេបញ្ជាការយោធារុស្ស៊ីលោក Alexsei Ulyanenko នាវាចម្បាំងបំពាក់គ្រាប់មីស៊ីល Varyag អមដំណើរដោយនាវាដឹកប្រេង Pechenge បានដល់ហ្វីលីពីន ដើម្បីបំពេញដំណើរទស្សនកិច្ចរយៈពេល០៤ថ្ងៃ ក៏ដូចជាជួយបណ្ដុះបណ្ដាលកងនាវាហ្វីលីពីន ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ូស្គូ ក្នុងការចូលរួមចំណែក ពង្រឹងទំនាក់ទំនងជាមួយទីក្រុងម៉ានីល និងរក្សាស្ថេរភាពនៅក្នុងតំបន់។
ក៏ប៉ុន្តែសកម្មភាពបែបនេះ ត្រូវបានគេមើលឃើញថា ទីក្រុងម៉ូស្គូកំពុងក្ដាប់យកឱកាសនេះពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ តាមរយៈការផ្សាភ្ជាប់ទំនាក់ទំនងនឹងទីក្រុងម៉ានីល ខណៈលោក ឌូតើតេ ធ្លាប់បានបង្ហាញជាច្រើនដងពីចេតនា ចង់ផ្ដាច់ទំនាក់ទំនងយោធា ជាមួយសហរដ្ឋអាមេរិក ហើយងាកទៅរកចិន និងរុស្ស៊ី ដែលជាសត្រូវយុទ្ធសាស្ត្រដ៏ធំបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថា បើតាមការគ្រោងទុក លោក ឌូតើតេ នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ នៅខែឧសភាក្រោយនេះ ជួបពិភាក្សាការងារជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងយោធា រវាងប្រទេសទំាងពីរ៕