(អង់ការ៉ា)៖ រដ្ឋមន្ត្រីយុត្តិធម៌តួកគី លោក Bekir Bozdag នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា តុលាការសិទ្ធិមនុស្សអឺរ៉ុប (ECHR) មិនមានយុត្ថាធិការ ឬសមត្ថកិច្ចអ្វីក្នុងការសម្រេចចិត្តលើពាក្យបណ្ដឹងលុបចោលលទ្ធផលបោះឆ្នោត ប្រជាមតិស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ សំដៅពង្រឹងអំណាចរបស់លោក ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ នោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។
ការលើកឡើងខាងលើរបស់លោក Bekir Bozdag ធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងគណបក្សប្រឆាំង CHP ដែលបានអះអាងកាលពីថ្ងៃពុធថា ពាក្យបណ្ដឹងលុបចោលលទ្ធផលបោះឆ្នោតប្រជាមតិ អាចនឹងត្រូវដាក់ជូនតុលាការធម្មនុញ្ញតួកគី ឬ ECHR បន្ទាប់ពីអាជ្ញាធររៀបចំការបោះឆ្នោតតួកគីទាត់ចោលពាក្យបណ្ដឹងរបស់ CHP និងគណបក្សប្រឆាំងពីរផ្សេងទៀត។
គួររំលឹកថា លោក អឺដូហ្កាន់ បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រជាមតិ លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដោយ ទទួលសំឡេងគាំទ្រ ៥១ភាគរយ។ មួយវិញទៀតផ្អែកលើការបោះឆ្នោតប្រជាមតិនេះ ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ នឹងកាន់តែមានអំណាចខ្លាំងជាងមុនទៅទៀត រហូតដល់មានសិទ្ធិរំលាយសភា និងតែងតាំងរដ្ឋមន្ត្រីជាដើម ហើយមិនតែប៉ុណ្ណោះលោក អឺដូហ្កាន់ ផ្ទាល់ក៏បានសន្យាដែរថា លោកអាចនឹងរៀបចំការបោះឆ្នោតប្រជាមតិមួយផ្សេងទៀត លើការដាក់ឱ្យដំណើរការឡើងវិញទោសប្រហារជីវិតនៅក្នុងប្រទេសតួកគី។ ប៉ុន្តែក្រុមអ្នកឃ្លំាមើលសិទ្ធិមនុស្ស និងមេដឹកនាំអឺរ៉ុប នាំគ្នារិះគន់លើការបោះឆ្នោតនេះ រីឯលោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន បែរជានាំគ្នាអបអរសាទរជ័យជម្នះរបស់ លោក អឺដូហ្កាន់ ទៅវិញ៕