(ញូដេលី)៖ កម្តៅដ៏សែនក្តៅហួតហែងបាន និងកំពុងតែវាយលុកនៅក្នុងប្រទេសឥណ្ឌា ដោយនៅតំបន់ខ្លះនៃប្រទេស សីតុណ្ហភាពបានកើនឡើងដល់ទៅ ៤៥អង្សាសេឯណោះ ហើយបើគិតចាប់តាំងពីដើមខែមេសានេះមក មនុស្សយ៉ាងតិចចំនួន៣៧នាក់ បានបាត់បង់ជីវិតនៅក្នុងរដ្ឋ Telangana ភាគខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។
នាយកដ្ឋានឧតុនិយមឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា នាថ្ងៃពុធម្សិលមិញនេះ នៅតាមតំបន់ជាច្រើនក្នុងទីក្រុង រដ្ឋ និងតំបន់មួយចំនួនរួមមាន Punjab, Haryana, Chandigarh, Delhi, Jharkhand, Madhya Pradesh, Madhya Maharashtra និង Uttar Pradesh, Maharashtra, Chandrapur, New Delhi បានកើនឡើងកម្តៅនៅក្នុងកម្រិតធ្ងន់ធ្ងរជាខ្លាំង ដែលមានសីតុណ្ហភាពចន្លោះពី ៤៥ដល់៤៦.២អង្សាសេ។
ជុំវិញបញ្ហានេះរដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្ត បន្លាយរយៈពេលសម្រាប់វិស្សមកាលនារដូវក្តៅរបស់សិស្សសាលា ដោយសារស្ថានភាពកម្តៅធ្ងន់ធ្ងរកើតមានឡើងស្ទើរតែពាសពេញផ្ទៃប្រទេស និងបានចេញសេចក្តីណែនាំក្រើនរំលឹកកុំឲ្យប្រជាពលរដ្ឋ ដើរហើរទៅណាឆ្ងាយពីផ្ទះសម្បែងរៀងៗខ្លួន ជាពិសេសនៅចន្លោះម៉ោង១១ជិតថ្ងៃត្រង់ និងម៉ោង៤រសៀល ដើម្បីជៀសវាងទទួលរងគ្រោះដោយសារតែកម្តៅដ៏ខ្លាំងក្លានេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦កន្លងទៅនេះ ប្រជាជនឥណ្ឌាចំនួនជិត៥០០នាក់បានបាត់បង់ជីវិតដោយសារតែការកើនឡើងកម្តៅដល់ទៅ៥១អង្សាសេ ខណៈមនុស្សមិនតិចជាង២,៥០០នាក់នោះឡើយបានស្លាប់កាលពីរដូវក្តៅក្នុងឆ្នាំ២០១៥៕