(កាប៊ុល)៖ ជនសកម្មប្រយុទ្ធសរុបចំនួន៤៧នាក់ ត្រូវបានកម្ចាត់ចោលនៅក្នុងប្រតិបត្តិការយោធាក្តៅគគុកថ្មីមួយលើកទៀត នៅក្នុងផ្ទៃប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពប្រចាំថ្ងៃនៃប្រតិបត្តិការខាងលើរបស់ក្រសួងការពារជាតិអាហ្វហ្គនីស្ថាន កងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាន បានបើកប្រតិបត្តិការដើម្បីបោសសម្អាតនៅតាមតំបន់មួយចំនួនរបស់ក្រុមភេរវករ ដែលជាសត្រូវនៃសន្តិភាពនិងស្ថិរភាពរបស់ប្រទេសអាហ្វហ្គានីស្ថាន។ ជាលទ្ធផលជនសកម្មប្រយុទ្ធចំនួន៤៧នាក់បានស្លាប់, ១១នាក់បានទទួលរងរបូស, និងម្នាក់ទៀតត្រូវបានចាប់ខ្លួននៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
គួរបញ្ជាក់ថា យោធាអាហ្វហ្គានីស្ថាននៅតែបន្តខិតខំប្រឹងប្រែងបើកប្រតិបត្តិការឥតឈប់ឈរ ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធតាលីបង់ ចេញពីបណ្តាខេត្តមួយចំនួនរបស់ខ្លួន ខណៈប្រតិបត្តិការយោធាខាងលើនេះ ត្រូវបានធ្វើឡើងនៅខេត្តចំនួន១៣ ក្នុងចំណោមខេត្តទាំង៣៤នៃប្រទេស ហើយកងកម្លាំងសន្តិសុខបានរឹបអូស និងដោះគ្រាប់បែកក៏ដូចជាមីនសម្រាប់បង្កប់នៅតាមដងផ្លូវចំនួន៣១គ្រាប់ផងដែរ៕