(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA និងការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI របស់សហរដ្ឋអាមេរិក កំពុងធ្វើការស៊ើបអង្កេតទៅលើជនសង្ស័យរាប់រយនាក់ នៅក្នុងបញ្ហាសន្តិសុខដ៏ធំបំផុតមួយនៃប្រវត្តិសាស្រ្តរបស់ CIA ផ្ទាល់ គឺការបែកធ្លាយកម្រងឯកសារសម្ងាត់ឈ្មោះថា «Vault 7» បង្ហាញពីវិធីសាស្រ្តនៃការ Hack របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នេះ ដែលត្រូវបានបញ្ចេញដោយគេហទំព័រ WikiLeaks កាលពីពេលកន្លងទៅនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CBS News ដែលត្រូវបានដកស្រង់ និងចេញផ្សាយបន្តដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។
យោងតាមការឲ្យដឹងពីលោក Jeff Pegues ភ្នាក់ងារព័ត៌មាន CBS News ការស៊ើបអង្កេត និងការតាមស្វែងរកចាប់ខ្លួនរួមគ្នារវាង CIA និង FBI ទៅលើប្រភពដើមដែលបានធ្វើឲ្យលេចធ្លាយចង្កោមឯកសារសម្ងាត់ Vault 7 ទៅក្នុងដៃ WikiLeaks កាលពីសប្តាហ៍មុននោះ បានចាប់ផ្តើមហើយ។ FBI និង CIA មានជំនឿជឿជាក់ថា ប្រភពដែលបានធ្វើឲ្យលេចធ្លាយឯកសារសម្ងាត់នេះ គឺស្ថិតនៅក្នុងចំណោមភ្នាក់ងារផ្ទៃក្នុងរាប់រយនាក់ ដែលមានសិទ្ធិចេញ-ចូលលើឯកសារនេះផ្ទាល់ ពុំមែនជាក្រុម Hacker ពីខាងក្រៅនោះឡើយ។
គួរបញ្ជាក់ថា កាលពីខែមុនគេហទំព័រ WikiLeaks បានបកអាក្រាតអំពីមធ្យោបាយពិសេសៗរបស់ទីភ្នាក់ងារ CIA សម្រាប់ធ្វើការ Hack ទៅលើប្រព័ន្ធកុំព្យូទ័រ រួមទាំងឧបករណ៍ចល័តដទៃៗទៀត ដូចជាប្រព័ន្ធទូរស័ព្ទដៃ និងកម្មវិធីទូរទស្សន៍ជាដើម តាមរយៈការបញ្ចេញឯកសារសម្ងាត់ជាច្រើនច្បាប់ ដែលពីមុនមកស្ថិតក្រោមការការពារយ៉ាងរឹងមាំបំផុតរបស់ CIA នោះ ទៅកាន់ពិភពលោកដោយឥតគិតថ្លៃ៕