(ប៉េកាំង)៖ ចក្រភពអង់គ្លេសនឹងខាតបង់ប្រយោជន៍ច្រើនជាងសហភាពអឺរ៉ុប (EU) ដោយសារតែ ការសម្រេចចិត្តដើរចេញពីសហភាពអឺរ៉ុប (Brexit) ខណៈកិច្ចចរចារបស់ទីក្រុងឡុងដ៍ ក៏នឹងជួបការលំបាកផងដែរ។ នេះបើតាមសម្តីនៃប្រមុខគោលនយោបាយ EU លោកស្រី Federica Mogherini ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោកស្រី Mogherini ធ្វើឡើង នាឱកាសដែលលោកស្រីកំពុងបំពេញដំណើរទស្សនកិច្ចក្នុងទីក្រុងប៉េកាំង។ ថ្លែងនៅចំពោះក្រុមនិស្សិត នៅឯសកលវិទ្យាល័យ Tsinghua University នៅថ្ងៃព្រហស្បតិ៍ ប្រមុខការទូតអឺរ៉ុបរូបនេះបាននិយាយថា «ការចរចាស្ដីពី Brexit ជាមួយអង់គ្លេសអាចនឹងជួបការលំបាកខ្លាំង (...) ពួកគេនឹងបោះបង់ចោលសមាជិកភាព នៃសហគមន៍មួយ ហើយយើងនឹងបាត់បង់រដ្ឋជាសមាជិកមួយដ៏សំខាន់ ស្របដែលពេលយើងដឹងថា រដ្ឋជាសមាជិកទំាងអស់ពិតជាមានសារៈសំខាន់ស្មើៗគ្នា ពីព្រោះពួកគេបានចែករំលែកផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ទោះបីយ៉ាងណាខ្ញុំគិតថា មិត្តអង់គ្លេសរបស់យើង នឹងបាត់បង់ប្រយោជន៍ច្រើនជាងអ្វីដែលយើងនឹងបាត់បង់»។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានដាក់ឱ្យដំណើរការនីតិវិធីលែងលះជាមួយសហភាពអឺរ៉ុប កាលពីខែមីនាកន្លងទៅ ហើយថែមទំាងអះអាងថា អ្វីៗមិនអាចបកក្រោយឡើយ។ ប៉ុន្តែទីក្រុងឡុងដ៍ ត្រូវចំណាយពេលយ៉ាងតិច០២ឆ្នាំ ដើម្បីលែងលះឱ្យដាច់ស្រេច ក៏ដូចជាស្វែងរកកិច្ចព្រមព្រៀងនានាឲ្យបានមុននឹង Brexit ចូលជាធរមាននៅខែមីនា ឆ្នាំ២០១៩៕