(ហ្សាការតា)៖ បន្ទាប់ពីបានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូណេស៊ី អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលរបស់លោកចង់បានការធ្វើពាណិជ្ជកម្ម ដែលមានតម្លាភាពជាមុនជាមួយរដ្ឋាភិបាលទីក្រុងហ្សាការតា ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន បាន និងកំពុងត្រួតពិនិត្យឡើងវិញ អំពីបណ្តាប្រទេសមួយចំនួន ដែលអាមេរិកមានឱនភាពជាមួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀល ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។
នៅក្រោយបញ្ចប់ជំនួបជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Pence បានឲ្យដឹងថា សហរដ្ឋអាមេរិកមានការចាប់អារម្មណ៍ចំពោះទំនាក់ទំនងឈ្នះ-ឈ្នះ ជាមួយប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ ម៉្យាងវិញទៀតនាឱកាសនោះលោកអនុប្រធានាធិបតីអាមេរិក ក៏បានធ្វើការអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការ ស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការរក្សាសេរីភាពនាវាចរណ៍នៅក្នុងតំបន់ផងដែរ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសសរុបទាំងអស់ចំនួន១៦ ដែលស្ថិតក្រោមការត្រួតពិនិត្យឡើងវិញ ចំពោះការដែលទទួលបានផលចំណេញខ្លាំង នៅក្នុងការធ្វើពាណិជ្ជកម្មជាមួយអាមេរិក។ ដោយឡែកបន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី លោក Mike Pence នឹងបន្តឆ្ពោះទៅកាន់អូស្រ្តាលី ជាគោលដៅចុងក្រោយគេ នៃដំណើរបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃរបស់លោកនៅតំបន់អាស៊ី៕